ព័ត៌មានអន្តរជាតិ

ប៉ូលិសវិមានកាពីតូលម្នាក់ បានស្លាប់ ក្លាយជាអ្នកស្លាប់ទី៥ ដែលក្រុមអ្នកគាំទ្រលោក ត្រាំ ពុះកញ្ជ្រោល សម្រុកទៅបញ្ឈប់ការរាប់សន្លឹកឆ្នោត

បរទេស៖ មន្រ្តីប៉ូលីសកាពីតូលអាមេរិកម្នាក់ បានស្លាប់ដោយសារព្រឹត្តិការណ៍ ដែលបណ្តាលមកពីកុបកម្ម កាលពីថ្ងៃពុធ នៅវិមានកាពីតូល។ ប្រភពចំនួន ៣ បានបញ្ជាក់ប្រាប់ CNN , ដែលក្នុងនោះក្រុមអ្នកគាំទ្រ របស់ប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រុកចូលអគារ ដើម្បីបញ្ឈប់ការរាប់សន្លឹកឆ្នោត ដែលបញ្ជាក់ពីជ័យជម្នះ របស់ប្រធានាធិបតីជាប់ឆ្នោត ចូ បៃឌិន។

យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថាឥឡូវនេះ ប៉ូលិសម្នាក់នេះ គឺជាមនុស្សទី ៥ ដែលបានស្លាប់ ដោយសារអំពើហិង្សានៅថ្ងៃនោះ។ ស្ត្រីម្នាក់ ត្រូវបានបាញ់សំលាប់ ដោយប៉ូលិសវិមានកាពីតូល ខណៈដែលហ្វូងមនុស្ស បានរំលោភសម្រុកចូល លើអាគារនិងបីនាក់ផ្សេងទៀត បានស្លាប់។

ភ្លាមៗបន្ទាប់ពីម៉ោង ១ រសៀល ថ្ងៃពុធ អ្នកតវ៉ារាប់រយនាក់ ដែលគាំទ្រលោក ត្រាំ បានរុញច្រានឆ្លងកាត់របាំង ដែលបានបង្កើតឡើង នៅតាមបណ្តោយវិមានកាពីតូល ដែលពួកគេបានប្រតាយប្រតប់គ្នា ជាមួយមន្រ្តីប៉ូលិស ដោយអ្នកខ្លះហៅមន្រ្តីថា“ ជនក្បត់” សម្រាប់បំពេញការងាររបស់ពួកគេ៕ ប្រែសម្រួលៈ ណៃ តុលា

To Top