ព័ត៌មានអន្តរជាតិ

សមាជិកព្រឹទ្ធសភា ក្នុងបក្សប្រជាធិបតេយ្យ អំពាវនាវឱ្យដកលោក ត្រាំ ចេញពីតំណែង ក្រោយពីអ្នកគាំទ្ររបស់លោក សម្រុកចូលដោយហិង្សា ចូលវិមានកាពីតូល

BBC៖ គូប្រជែង របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅក្នុងសភាទាំងពីររូប បានអំពាវនាវឲ្យដកលោក ត្រាំ ចេញពីតំណែង បន្ទាប់ពីមានការឈ្លានពានដ៏ខ្លាំងក្លា នៅវិមានកាពីតូល ដោយហ្វូងអ្នកគាំទ្ររបស់លោក។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា សមាជិកព្រឹទ្ធសភា នៃគណបក្សប្រជាធិបតេយ្យ លោក Chuck Schumer បាននិយាយថាលោក ត្រាំ គួរតែត្រូវបានគេដកចេញជាបន្ទាន់។ ប្រសិនបើមិនដកនោះទេ លោកស្រី Nancy Pelosi និយាយថា គាត់អាចត្រូវបានចោទប្រកាន់។

ការដកចេញនេះ គឺនឹងត្រូវការការគាំទ្រ ពីគណបក្សសាធារណរដ្ឋ ហើយមានតែមនុស្ស មួយចំនួនតូចប៉ុណ្ណោះ នៅក្នុងបក្សនេះ គាំទ្រ។

នៅក្នុងសុន្ទរកថា ជាវីដេអូមួយ លោក ដូណាល់ ត្រាំ បាននិយាយថា លោកបានប្តេជ្ញា ចំពោះការផ្ទេរអំណាចដោយសន្តិវិធី។ ប្រធានាធិបតីជិតផុតអាណត្តិរូបនេះ បាននិយាយថា រដ្ឋបាលថ្មី នឹងត្រូវចូលកាន់តំណែងនៅថ្ងៃទី ២០ ខែមករា ហើយបានអំពាវនាវ ឱ្យមានការព្យាបាល និងការផ្សះផ្សារឡើងវិញ។

លោកក៏បាននិយាយផងដែរថា លោកមានការក្រេវក្រោធ ចំពោះអំពើហិង្សា ភាពគ្មានច្បាប់ និងរឿងរ៉ាវកាលពីថ្ងៃពុធ ហើយថា“ កំហឹងត្រូវតែចុះត្រជាក់ និងស្ងប់ស្ងាត់ឡើងវិញ” វីដេអូនេះត្រូវបានចែកចាយ លើគណនីធ្វីតធ័ររបស់លោក ដែលត្រូវបានដំណើរការឡើងវិញ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីត្រូវបានផ្អាកមួយរយៈខ្លី បន្ទាប់ពីមានកុបកម្ម នៅវិមានកាពីតូល៕ ប្រែសម្រួលៈ ណៃ តុលា

To Top