ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បួង គ្រោងចំណាយទឹកប្រាក់ជាង ៨០លានដុល្លារ ដើម្បីអភិវឌ្ឍគ្រឿងសព្វាវុធ ដែលផលិតនៅក្នុងស្រុកក្នុងឆ្នាំ២០២១


សេអ៊ូល៖ ទីភ្នាក់ងារលទ្ធកម្មអាវុធបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង គ្រោងនឹងវិនិយោគទឹកប្រាក់ចំនួន ៨៨ ពាន់លានវ៉ុន (៨១ លានដុល្លារ) ក្នុងការអភិវឌ្ឍគ្រឿង សព្វាវុធក្នុងស្រុកនៅឆ្នាំ ២០២១នេះ។

រដ្ឋាភិបាលនឹងបង្កើត ផែនការពាក់កណ្តាល និងវែងដើម្បីធ្វើមូលដ្ឋានីយកម្មផ្នែក ដែលត្រូវបានប្រើក្នុងការអភិវឌ្ឍអាវុធ និងស្វែងរកកិច្ចសហប្រតិបត្តិការ ជាមួយសាកលវិទ្យាល័យក្នុងស្រុក និងមជ្ឈមណ្ឌលស្រាវជ្រាវ។

ប្រធានទីភ្នាក់ងារលោក Kang Eun-ho បានលើកឡើងថា “នៅពេលនេះមានការលំបាក ដោយសារតែមេរោគថ្មី ខ្ញុំសង្ឃឹមថា ឧស្សាហកម្មការពារជាតិ នឹងជំរុញសេដ្ឋកិច្ចក្នុងតំបន់ និងបង្កើតការងារថ្មីតាមរយៈអាជីវកម្មធ្វើមូលដ្ឋានីយកម្ម” ។

រដ្ឋមន្រ្តីក្រសួងការពារជាតិលោក Suh Wook មុននេះបានឲ្យដឹងថា ជាង ៨០ ភាគរយនៃថវិកាចំនួន ១០០ ពាន់ពាន់លានវ៉ុនរបស់កូរ៉េខាងត្បូងដែលត្រូវបានទុក សម្រាប់ពង្រឹងសមត្ថភាពការពារជាតិក្នុងរយៈពេល ៥ ឆ្នាំខាងមុខ នឹងត្រូវចំណាយទៅលើការទិញអាវុធ និងគ្រឿងរឹងដែលផលិតនៅក្នុងស្រុក៕

ដោយ ឈូក បូរ៉ា

To Top