ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង បញ្ជូនអ្នកការទូតទៅអ៊ីរ៉ង់ ដើម្បីចរចាលើការដោះលែងនាវាដឹកប្រេង ដែលត្រូវបានរឹបអូស

សេអ៊ូល៖ អនុរដ្ឋមន្រ្តីក្រសួងការបរទេសទីមួយ Choi Jong-kun បានចាកចេញទៅកាន់ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ ដើម្បីចរចាការដោះលែង នាវាដឹកប្រេងកូរ៉េខាងត្បូង និងក្រុមនាវិក ដែលត្រូវបានចាប់ខ្លួនដោយអាជ្ញាធរអ៊ីរ៉ង់ កាលពីសប្តាហ៍មុន។

ក្រុមមន្ត្រីបានឲ្យដឹងថា លោក Choi បានឡើងយន្តហោះនៅព្រឹកថ្ងៃអាទិត្យ ហើយគ្រោងនឹងទៅដល់ប្រទេសអ៊ីរ៉ង់ តាមរយៈប្រទេសកាតា។ លោកត្រូវបានគេរំពឹងថា នឹងជួបសមភាគីរបស់លោក និងមន្រ្តីជាន់ខ្ពស់ដទៃទៀត នៅឯក្រសួងការបរទេសអ៊ីរ៉ង់ ដែលចូលរួម ដោយគណៈប្រតិភូកូរ៉េខាងត្បូង ដែលបានមកដល់មុននៅទីក្រុងតេអេរ៉ង់។

កាលពីថ្ងៃច័ន្ទសប្ដាហ៍មុន អង្គភាពឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានរឹបអូសយកនាវាដឹកប្រេង MT Hankuk Chemi ដែលដឹកនាវិក ២០ នាក់ក្នុងនោះមានជនជាតិកូរ៉េខាងត្បូង ៥ នាក់ផងដែរពីបទបំពុលបរិស្ថាន។

បច្ចុប្បន្ននាវានេះ កំពុងស្ថិតនៅកំពង់ផែមួយក្នុងទីក្រុង Bandar Abbas ដែលជាទីក្រុងមួយ នៅឆ្នេរសមុទ្រភាគខាងត្បូងរបស់អ៊ីរ៉ង់។ ស្ថានទូតកូរ៉េខាងត្បូង ប្រចាំនៅទីក្រុងតេអេរ៉ង់ បានបញ្ជាក់ពីសុវត្ថិភាព និងសុខភាពរបស់នាវិកទាំង ២០ នាក់៕ ដោយ៖ ឈូក បូរ៉ា

To Top