ព័ត៌មានអន្តរជាតិ

លោក គីម ជុងអ៊ុន ជំរុញឲ្យអាមេរិក បញ្ឈប់គោលនយោបាយអរិយភាព ដើម្បីស្ដារទំនាក់ទំនងទ្វេភាគី

សេអ៊ូល៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការកណ្តាលកូរ៉េ (KCNA) បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា លោកគីមជុងអ៊ុនមេដឹកនាំ កំពូលនៃកូរ៉េខាងជើង បានអំពាវនាវឱ្យសហរដ្ឋអាមេរិក បញ្ឈប់គោលនយោបាយអរិភាពរបស់ខ្លួន ចំពោះទីក្រុងព្យុងយ៉ាង។

នៅក្នុងសន្និបាតគណបក្សលើកទី ៨ ដែលកំពុងបន្តលោកគីម បានលើកឡើងថា ការបញ្ឈប់គោលនយោបាយអរិភាព របស់ក្រុងវ៉ាស៊ីនតោននឹងក្លាយជាគន្លឹះ សម្រាប់ទំនាក់ទំនងនាពេល អនាគតរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក។

លោកគីម ជុងអ៊ុន ត្រូវបានគេដកស្រង់សម្ដីដោយនិយាយថា ទោះបីជាយ៉ាងណាគោលនយោបាយ របស់ទីក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង នឹងមិនផ្លាស់ប្តូរឡើយ ដោយមិនគិតពីអ្នកណា ដែលគ្រប់គ្រងសេតវិមាន។

នេះជាការឆ្លើយតបលើកដំបូង របស់កូរ៉េខាងជើងចំពោះរដ្ឋាភិបាលថ្មី របស់សហរដ្ឋអាមេរិក ខណៈដែលប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ចូ បៃដិន នឹងត្រូវស្បថចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ខាងមុខនេះ។

របាយការណ៍នយោបាយ KCNA បានចុះផ្សាយថា សកម្មភាពនយោបាយខាងក្រៅ របស់កូរ៉េខាងជើង ដែលកំពុងឆ្ពោះទៅមុខ គួរតែផ្តោតលើការបង្ក្រាប និងបង្ក្រាបសហរដ្ឋអាមេរិក ដែលជាឧបសគ្គមូលដ្ឋាន និងជាសត្រូវធំបំផុតប្រឆាំង នឹងការអភិវឌ្ឍបដិវត្តរបស់កូរ៉េខាងជើង ៕

ដោយ ឈូក បូរ៉ា

To Top