បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅថ្ងៃចន្ទនេះ បានបង្កើតកិច្ចជំនួបមួយរវាង មេដឹកនាំប្រទេសអាហ្ស៊ែបៃហ្សង់ និងអាមេនី សម្រាប់ជាលើកដំបូង ចាប់តាំងពីការផ្ទុះសង្គ្រាមកាលពីឆ្នាំមិញ នៅតំបន់ Nagorno-Karabakh ហើយនេះជាកិច្ចប្រឹងប្រែងមួយ ដើម្បីដោះស្រាយបញ្ហានានា ដែលអាចបង្កការប៉ះពាល់ដល់ កិច្ចព្រមព្រៀងបញ្ចប់ជម្លោះ។
នៅក្នុងសុន្ទរកថា បើកកម្មវិធីនៅវិមានក្រឹមឡាំង លោកប្រធានាធិបតីរុស្សី បានមានប្រសាសន៍ប្រាប់ថា កិច្ចព្រមព្រៀងបទឈប់បាញ់គ្នាកាលពីខែវិច្ឆិកា ដែលឃើញទីក្រុងមូស្គូ បញ្ជូនកងកម្លាំងរក្សាសន្តិភាព ទៅកាន់តំបន់នោះ គឺកំពុងតែត្រូវបានគេអនុវត្ត។
តាមសេចក្តីរាយការណ៍ នាយករដ្ឋមន្ត្រីអាមេនី លោក Nikol Pashinyan និងប្រធានាធិបតីអាហ្ស៊ែបៃហ្សង់ លោក Ilham Aliyev មិនបានចាប់ដៃគ្នានោះទេ គឺគ្រាន់តែធ្វើគារវកិច្ចចំពោះគ្នា ក្នុងខណៈអង្គុយចុះលើតុនៅទល់មុខលោក ពូទីន ប៉ុណ្ណោះ៕
ប្រែសម្រួល៖ ប៉ាង កុង