ព័ត៌មានអន្តរជាតិ

ជំងឺផ្តាសាយបក្សី ឆ្លងរាលដាលខ្លំាង នៅក្នុងរដ្ឋចំនួន០៩ របស់ប្រទេសឥណ្ឌា

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ថា ជំងឺផ្តាសាយបក្សី បានឆ្លងរាលដាលដល់រដ្ឋចំនួន០២ទៀតរបស់ប្រទេសឥណ្ឌា គឺរដ្ឋ Delhi និង Maharashtra ដែលនាំឲ្យចំនួនរដ្ឋសរុបដែលឆ្លងជំងឺនេះកើនឡើងដល់០៩រដ្ឋ គិតត្រឹមថ្ងៃចន្ទ ។

ទន្ទឹមនឹងនេះដែរ ជំងឺផ្តាសាយបក្សី ត្រូវបានគេបញ្ជាក់ថា នៅក្រុង Delhi បន្ទាប់ពីវត្ថុវិភាគចំនួន០៨នៃហ្វូងសត្វបក្សីបានងាប់ និងទាត្រូវបានរកឃើញលទ្ធផលវិជ្ជមាន ហើយគេឃើញថា មានសត្វមាន់ច្រើនជាង៨០០ក្បាល ត្រូវបានរកឃើញងាប់ នៅក្នុងភូមិមួយនៅរដ្ឋ Maharashtra ដោយសារជំងឺផ្តាសាយបក្សី ។

ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបានរាយការណ៍ថា សត្វមាន់ជាច្រើនក្បាលបានងាប់ដោយជំងឺផ្តាសាយ នៅភូមិ Murumba ក្នុងស្រុក Parbhani ។
រដ្ឋចំនួន០៧ទៀតនៅក្នុងប្រទេសឥណ្ឌា រួមមាន រដ្ឋ Kerala, Rajasthan, Madhya Pradesh, Himachal Pradesh, Haryana, Gujarat និងរដ្ឋ Uttar Pradesh ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top