ប៉េកាំង៖ អគ្គលេខាធិការនៃ គណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តចិនលោក ស៊ី ជិនពីង បានផ្ញើសារទៅលោក គីម ជុងអ៊ុន ដោយអបអរសាទរលោកក្នុងការ បោះឆ្នោតក្លាយជាអគ្គលេខាធិការ បក្សពលករកូរ៉េ (WPK) នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (កូរ៉េខាងជើង) ។
លោកស៊ី បានឲ្យដឹងថា លោករីករាយដែលបានទទួលដំណឹងថា មហាសន្និបាត WPK លើកទី ៨ បានជ្រើសរើសលោក គីម ជាអគ្គលេខាធិការ WPK ហើយសូមសម្ដែងការ អបអរសាទរយ៉ាងកក់ក្តៅ ចំពោះលោកគីម ជុងអ៊ុន និងគណៈកម្មាធិការកណ្តាលរបស់ WPK ក្នុងនាមគណៈកម្មាធិការ CPCCC និងក្នុងនាមលោកផ្ទាល់។
លោកស៊ី បានលើកឡើងថា សន្និបាត WPK លើកទី ៨ ដែលបានរៀបចំជាបន្តបន្ទាប់ សម្រាប់ការអភិវឌ្ឍបុព្វហេតុសង្គមនិយម របស់កូរ៉េខាងជើង គឺមានសារៈសំខាន់ណាស់។
លោកបានបន្ថែមថា ការបោះឆ្នោតឡើងវិញរបស់លោកគីម ក្នុងនាមជាមេដឹកនាំកំពូលនៃ WPK បានឆ្លុះបញ្ចាំងយ៉ាងពេញលេញ នូវការជឿទុកចិត្តការគាំទ្រ និងការរំពឹងទុកដែល ធ្វើឡើងដោយសមាជិក WPK និងប្រជាជនកូរ៉េខាងជើង សម្រាប់រូបលោក ៕
ដោយ ឈូក បូរ៉ា