បរទេស៖ ប្អូនស្រីរបស់លោកគីមជុងអ៊ុន ត្រូវបានគេដកចេញពីបញ្ជីនៃគណៈកម្មាធិការ ប្រតិបត្តិនៃគណបក្សពលករ ដែលគ្រប់គ្រងរដ្ឋាភិបាល បន្ទាប់ពីការបោះឆ្នោតនាពេលថ្មីៗនេះ។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន Daily Mail ដោយដកស្រង់ប្រភពពី សារព័ត៌មានកូរ៉េខាងជើង KCNA ។ យោងតាមកាសែត គឺឈ្មោះរបស់លោកស្រី គីមយូជុង បានអវត្តមានពីបញ្ជីសមាជិក ការិយាល័យនយោបាយ បន្ទាប់ពីការបោះឆ្នោតគណបក្ស កាលពីពេលថ្មីៗនេះដែលធ្វើឱ្យមាន សំណួរអំពីឋានៈរបស់លោកស្រី។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ព័ត៌មាននេះលេចចេញឡើងប៉ុន្មានថ្ងៃ មុនពេលដែលលោកស្រី គីមយ៉ូជុង ត្រូវឡើងដឹកនាំវេទិកានៅឯ សមាជគណបក្សគ្រប់គ្រង។
នៅក្នុងខែសីហា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ កូរ៉េខាងត្បូងបាននិយាយថា ប្អូនស្រីរបស់លោកគីមជុងអ៊ុនគឺជា “មេបញ្ជាការទី ២ របស់កូរ៉េខាងជើង” ខណៈដែលអ្នកជំនាញមួយចំនួន បានលើកឡើងថា ស្ត្រីរូបនេះមានជំហរមួយដែលមាន សមត្ថភាពគ្រប់គ្រាន់ដើម្បីធ្វើឱ្យលោកស្រី អាចជំនួសតំណែងបងប្រុសរបស់ខ្លួន។ គេជឿជាក់ថា ការកើនឡើងនៃភាពតានតឹង ដែលមិនបានរំពឹងទុករវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង គឺជាលទ្ធផលនៃការដែលលោកស្រី គីម យ៉ូជុង ត្រូវបានទទួលបន្ទុកក្នុងទំនាក់ទំនង ជាមួយទីក្រុងសេអ៊ូល ៕
ប្រែសម្រួលៈ ណៃ តុលា