ព័ត៌មានអន្តរជាតិ

ស្ថានទូតអាមេរិក ប្រចាំកម្ពុជា បង្ហូតទង់ជាតិ ពាក់កណ្តាលដង ដើម្បីជាការគោរពមន្រ្តីនគរបាល ពលី នៅវិមានរដ្ឋសភាសហរដ្ឋអាមេរិក

ភ្នំពេញ៖ ស្ថានទូតអាមេរិកនៅរាជធានី​ភ្នំពេញ បានបង្ហូតទង់ជាតិពាក់កណ្តាលដង រហូតដល់ថ្ងៃលិច ​នៃថ្ងៃទី ១៣ មករា ដើម្បីជាការគោរពដល់លោក Brian D. Sicknick និងលោក Howard Liebengood ដែលបានបំពេញការងារ និងធ្វើការពលី ​ ក្នុងនាមជាមន្រ្តីនគរបាល​នៅវិមានរដ្ឋសភាសហរដ្ឋអាមេរិក។ លោកទាំងពីរបានការពារយ៉ាងក្លាហាន​ ចំពោះលទ្ធិប្រជាធិបតេយ្យ និងស្ថាប័ន​របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងភាពគ្មានច្បាប់ និងគ្មានសណ្តាប់ធ្នាប់។

យោងតាមហ្វេសប៊ុកផេករបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាបាន​ឱ្យ​ដឹង​ថា​លទ្ធិប្រជាធិបតេយ្យ​របស់យើងបានឆ្លងកាត់ នូវពិសោធន៍ក្នុងពេលកន្លងមក និងទៅអនាគត ក្នុងពេលដែលយើងខិតខំធ្វើឲ្យមានភាពល្អប្រសើរសម្រាប់ជាតិយើង។ អ្វីដែលយើង​ឆ្លងកាត់មកនេះ គួរតែមិនធ្វើឲ្យនរណាម្នាក់ រួមទាំងសម្ព័ន្ធមិត្ត ទាំងមិត្ត ឬទាំងសត្រូវ មានការ​សង្ស័យលើភាពខ្លាំង​នៃស្ថាប័នប្រជាធិបតេយ្យ របស់ប្រទេសអាមេរិក ឬប្រជាជន​របស់យើងឡើយ។

សូមរំលឹកថាកាលថ្ងៃទី៦ ខែមករា ២០២១ ក្រុមអ្នកគាំទ្រប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រុកចូលវិមានកាពីតូលអាមេរិក ក្នុងចំណោមអគារដ៏ល្បីល្បាញបំផុត របស់អាមេរិក ដែលបង្ករអោយមានអំពើហិង្សា បណ្តាលអោយមនុស្ស៥នាក់ បានបាត់បង់ជីវិត ដែលក្នុងនោះមានប៉ូលីសម្នាក់ និងជនស៊ីវិល៤នាក់ ៕

To Top