ព័ត៌មានអន្តរជាតិ

លោក គីម ជុងអ៊ុន សន្យាពង្រឹងសមត្ថភាពយោធា និងពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរ

ប៉េកាំង៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ របស់កូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃពុធនេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានសន្យាពង្រឹងសមត្ថភាពយោធា របស់ប្រទេសរបស់លោក និងពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន នៅក្នុងសុន្ទរកថាបិទរបស់លោក នៅឯសមាជគណបក្សពលករ កំពុងកាន់អំណាច។

ការលើកឡើងរបស់លោកគីម ត្រូវបានធ្វើឡើងនៅថ្ងៃចុងក្រោយ នៃសមាជបក្សរយៈពេល ៨ ថ្ងៃចាប់ពីថ្ងៃទី០៥ ខែមករា ដែលត្រូវបានធ្វើឡើងជាលើកដំបូង ក្នុងរយៈពេលជិត ៥ ឆ្នាំ។

ទីភ្នាក់ងារព័ត៌មាន ក៏បានឲ្យដឹងផងដែរថា ប្រទេសកូរ៉េខាងជើង នឹងកោះប្រជុំសភានីតិកាលកំពូល របស់ខ្លួននៅថ្ងៃអាទិត្យ ដើម្បីអនុម័តច្បាប់ ដែលទាក់ទងទៅនឹងយុទ្ធសាស្ត្រ អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិរយៈពេល ៥ ឆ្នាំថ្មីរបស់ប្រទេសនេះ។

ចំណាប់អារម្មណ៍ បានផ្តោតលើថាតើលោក គីម នឹងផ្លាស់ប្តូរមុខតំណែង ជាមេដឹកនាំជាតិពីប្រធាន គណៈកម្មការកិច្ចការរដ្ឋ ទៅជាប្រធានាធិបតី ដែលកាន់កាប់ដោយលោកគីម អ៊ីលស៊ុង ស្ថាបនិកកូរ៉េខាងជើង និងជាជីតារបស់លោក។

កាលពីថ្ងៃអាទិត្យសប្តាហ៍មុន លោក គីម ត្រូវបានគេបោះឆ្នោតជ្រើសរើស ជាអគ្គលេខាធិការ នៃគណបក្សកាន់អំណាច ដោយសន្មត់ថា តំណែងកំពូលដែលលោកគីម ជុងអ៊ីល ដែលជាឪពុករបស់លោក និងជាអតីតមេដឹកនាំប្រទេស បានកាន់តំណែង ដោយមុខតំណែងមុនរបស់លោក គីម ជុងអ៊ុន គឺជាប្រធានគណបក្ស៕ ដោយ៖ ឈូក បូរ៉ា

To Top