ព័ត៌មានអន្តរជាតិ

លោក Mike Pence បដិសេធមិនកោះប្រជុំ ធ្វើវិសោធនកម្មលើកទី២៥ ដើម្បីទម្លាក់លោក ដូណាល់ ត្រាំ នោះទេ

វ៉ាស៊ីនតោន៖ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក Mike Pence នៅថ្ងៃអង្គារម្សិលមិញនេះ បានប្រាប់ប្រធានសភាលោកស្រី Nancy Pelosi ថា លោកនឹងមិនកោះហៅ ការធ្វើវិសោធនកម្មលើកទី ២៥ ដើម្បីទម្លាក់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ភ្លាមៗនោះទេ មុនពេលដែលសភាគ្រោងនឹងបោះឆ្នោត លើដំណោះស្រាយមួយ ដែលជំរុញឱ្យលោកធ្វើបែបនេះ។

លោកស្រី Nancy Pelosi សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក បានឲ្យដឹងថា ក្រុមអ្នកប្រជាធិបតេយ្យ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាប់ផ្តើមដំណើរការនីតិវិធី ដើម្បីចោទប្រកាន់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ជាលើកទីពីរ ក្នុងរយៈពេលតែជាងមួយឆ្នាំប៉ុណ្ណោះ។

នៅក្នុងលិខិតផ្ញើទៅកាន់សហសេវិក របស់លោកស្រី Pelosi បានឲ្យដឹងថា អ្នកប្រជាធិបតេយ្យនឹងណែនាំ នូវដំណោះស្រាយមួយនៅថ្ងៃច័ន្ទនេះ ដោយជំរុញ ឱ្យលោកអនុប្រធានាធិបតី លោក Mike Pence“ កោះប្រជុំ និងប្រមូលគណៈរដ្ឋមន្រ្តី ឱ្យធ្វើវិសោធនកម្មលើកទី ២៥ ដើម្បីប្រកាសប្រធានាធិបតីអសមត្ថភាព ក្នុងការអនុវត្តមុខងារ ការិយាល័យរបស់លោក” បន្ទាប់ពីនោះលោក Pence នឹងប្រើអំណាចជាប្រធានាធិបតី ស្តីទីអាមេរិកភ្លាមៗ។

សមាជិកសភាកំពូល ខាងប្រជាធិបតេយ្យរូបនេះ បានសរសេរថា“ យើងកំពុងអំពាវនាវ ឲ្យលោកអនុប្រធានាធិបតី ឆ្លើយតបក្នុងរយៈពេល ២៤ ម៉ោង បន្ទាប់មកយើង នឹងបន្តនាំយកច្បាប់ចោទប្រកាន់ទៅអនុវត្ដ។

ការប្រកាសនេះបានធ្វើឡើង នៅពេលដែលលោក ត្រាំ កំពុងប្រឈមមុខ នឹងការរិះគន់ទ្វេភាគីដ៏ខ្លាំងក្លា សម្រាប់តួនាទី នៅក្នុងបាតុកម្មទ្រង់ទ្រាយធំ នៅលើវិមានកាពីតូល កាលពីសប្តាហ៍មុន ដែលបានបណ្តាលឱ្យ មានមនុស្សស្លាប់យ៉ាងតិច ៥ នាក់ និងរបួសរាប់សិបនាក់ បន្ទាប់ពីមានការរំលោភបំពាន និងកាចសាហាវនៃអគារប្រវត្តិសាស្រ្ត នៅពេលដែលសភា កំពុងផ្តល់លិខិតបញ្ជាក់ ដល់ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន ដែលជាជ័យជំនះរបស់លោក ចូ បៃដិន ក្នុងការប្រជែងតំណែងសេតវិមានឆ្នាំ២០២០៕ ដោយ៖ ឈូក បូរ៉ា

To Top