បរទេស៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសកូរ៉េខាងត្បូង លោក Harry Harris បាននិយាយថា លោកនឹងចាកចេញពីតំណែងរបស់លោកនៅសប្ដាហ៍ក្រោយនេះ គឺរយៈពេលជាង២ឆ្នាំក្រោយ លោកបានមកដល់កូរ៉េខាងត្បូង បម្រើការជាប្រេសិតការទូតជាន់ខ្ពស់របស់រដ្ឋបាលលោក ត្រាំ។
លោក Harry Harris មានវ័យ៦៤ឆ្នាំ ដែលបានឈ្នះសម្ពន្ធភាពជាមួយកូរ៉េខាងត្បូង ក្នុងខណៈគាំទ្រកិច្ចការការទូតជាមួយកូរ៉េខាងជើងនោះ បាននិយាយលើបណ្ដាញសង្គមធ្វីតធ័រនៅថ្ងៃពុធថា ការចាកចេញរបស់លោក ត្រូវបានបញ្ជាក់ហើយ ហើយថា លោកនិងភរិយារីករាយចំពោះការរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Harry Harris បានសរសេរយ៉ាងដូច្នេះថា “ដូចដែលខ្ញុំបាននិយាយជាច្រើនលើកមកហើយ គ្មានកន្លែងណាល្អជាង ដើម្បីបម្រើការជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ឬក៏គ្មានមិត្តនិងសម្ពន្ធមិត្តល្អជាងកូរ៉េខាងត្បូងនោះទេ”៕ប្រែសម្រួល៖ប៉ាង កុង