ព័ត៌មានអន្តរជាតិ

ក្រោយសភាចោទ ប្រកាន់ពីបទញុះញង់ បង្កការបះបោរ លោក ត្រាំ អំពាវនាវកុំឲ្យមានហិង្សា អំឡុងពេលស្បថចូលកាន់តំណែង របស់លោក បៃដិន

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ នៅថ្ងៃពុធម្សិលមិញនេះ បានអំពាវនាវដល់ជនជាតិអាមេរិកាំង កុំឲ្យចូលរួមក្នុងអំពើហឹង្សា នៅសប្តាហ៍ក្រោយ ដែលជាពេលពិធីបើកស្បថ ចូលកាន់តំណែងនឹងត្រូវធ្វើឡើង សម្រាប់ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន នៅថ្ងៃទី២០ ខែមករា។

ប្រធានាធិបតីបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយ ដោយការិយាល័យលេខាធិការ សារព័ត៌មានសេតវិមានថា“ សូមជួយបន្ធូរបន្ថយភាពតានតឹង និងភាពស្ងប់ស្ងាត់ សូមអរគុណ បើនិយាយពីរបាយការណ៍ នៃការធ្វើបាតុកម្មបន្ថែមទៀត ខ្ញុំសូមទទូចថាមិនត្រូវមានអំពើហឹង្សា គ្មានការបំពាន និងគ្មានការបំផ្លិចបំផ្លាញណាមួយឡើយ។ នោះមិនមែនជាអ្វីដែលខ្ញុំឈរជើង ហើយវាមិនមែនជាអ្វី ដែលអាមេរិកតំណាងឲ្យនោះទេ”។

សេចក្តីថ្លែងការណ៍របស់លោក ត្រាំ បានធ្វើឡើងនៅថ្ងៃតែមួយ ខណៈដែលសភា ដែលគ្រប់គ្រងដោយប្រជាធិបតេយ្យ កំពុងត្រៀមខ្លួន ដើម្បីចោទប្រកាន់លោកជាលើកទី ២ ក្នុងអំឡុងពេល នៃតំណែងប្រធានាធិបតីរបស់លោក។

អត្ថបទតែមួយនៃការចោទប្រកាន់ ដែលសមាជិកសភា បានចាប់ផ្តើមបោះឆ្នោតភ្លាមៗ បន្ទាប់ពីសេចក្តីថ្លែងការណ៍ របស់ប្រធានាធិបតី បានចេញមកចោទប្រកាន់លោក ត្រាំ ពីបទញុះញង់ឱ្យមានការបះបោរ ដោយលើកឡើងពីតួនាទីរបស់លោក នៅក្នុងកុបកម្មនៅវិមានកាពីតូល ដ៏ប្រល័យកាលពីសប្តាហ៍មុន ក៏ដូចជាការអះអាង ដោយគ្មានមូលដ្ឋានម្តងហើយម្តងទៀត របស់លោកថា ការបោះឆ្នោតត្រូវបានរំខាន និងការលួចបន្លំសន្លឹកឆ្នោត៕ ដោយ៖ ឈូក បូរ៉ា

To Top