បរទេស ៖ ប្រទេសក្រិក កំពុងតែជំរុញឲ្យបញ្ជូនត្រឡប់ នូវជនអន្តោប្រវេសន៍ចំនួន១.៤៥០នាក់ ដែលបច្ចុប្បន្នកំពុងស្នាក់នៅ ក្នុងមជ្ឈលទទួលជនអន្តោប្រវេសន៍ លើកោះ Lesbos និងក្រុមកោះ Aegean ផ្សេងទៀត ឲ្យទៅតួកគីវិញ នេះបើតាមសម្តី របស់រដ្ឋមន្ត្រីអន្តោប្រវេសន៍ក្រិក លោក Notis Mitarachi នៅថ្ងៃព្រហស្បតិ៍នេះ ដោយអំពាវនាវឲ្យតួកគី គោរពកិច្ចព្រមព្រៀង ស្តីពីសិទ្ធិជ្រោកកោន ជាមួយសហភាពអឺរ៉ុប ។
លោក Notis Mitarachi បានមានប្រសាសន៍ថា ប្រទេសក្រិកបានដាក់សំណើមួយ ទៅគណៈកម្មាធិការអឺរ៉ុប និងទីភ្នាក់ងារព្រំដែន សហភាពអឺរ៉ុប Frontex ឲ្យធ្វើការបញ្ជូនត្រឡប់វិញភ្លាម នូវជនអន្តោប្រវេសន៍ដែលោកនិយាយថា បានធ្វើដំណើរមកពីតួកគី និងដែលមានពាក្យស្នើសុំសិទ្ធិជ្រោកកោន ត្រូវបានបដិសេធ ។
ការធ្វើបែបនេះរបស់ប្រទេសក្រិក តាមសេចក្តីរាយការណ៍ គឺបានកើតឡើងនៅមុនពេលបន្ត កិច្ចពិភាក្សាគ្នាដែលគ្រោងទុក ដើម្បីដោះស្រាយជម្លោះទឹកដី រវាងប្រទេសក្រិកនិងប្រទេសតួកគី ក្រោយមានភាពតានតឹងជាច្រើនខែ រវាងប្រទេសជាសម្ពន្ធមិត្តណាតូ ទាំងពីរ នៅសមុទ្រ Aegean៕
ប្រែសម្រួល៖ប៉ាង កុង