បរទេស៖ សារព័ត៌មាន CNN បានដកស្រង់សំដីមន្ត្រីពីររូប ដែលបានដឹងអំពីផែនការ របស់ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃឌិន នឹងមិនធ្វើដំណើរតាមរថភ្លើង Amtrak ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ឌីស៊ីនៅថ្ងៃទី ២០ ខែមករា ដើម្បីស្បថចូលកាន់តំណែង របស់លោកនោះទេ ចំពេលមានការព្រួយបារម្ភ ផ្នែកសន្តិសុខកាន់តែខ្លាំងឡើង។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា លោក បៃឌិន ត្រូវបានគេសន្មត់ថា នឹងធ្វើដំណើររយៈពេល ៩០ នាទី ពី ទីក្រុង Wilmington រដ្ឋ Delaware ទៅ Union Station ក្នុងរដ្ឋធានីដែលមានចម្ងាយតែប៉ុន្មានប្លុកប៉ុណ្ណោះ ពីវិមានកាពីតូលអាមេរិក ដែលឥឡូវនេះត្រូវបានការពាររឹងមាំ ដើម្បីឆ្លើយតបនឹងវាយ ប្រហារដូចពីសប្តាហ៍មុន។
សូមជម្រាបថា កាលពីមុនគាត់បានទទូចថា លោកនឹងជិះរថភ្លើងដោយមិនគិតពីផលវិបាកណាមួយ ដែលអាចកើតឡើង ដោយសារតែកុបកម្ម ឬការរីករាលដាលនៃវីរុសឆ្លងឡើយ ប៉ុន្តែក្រុមរបស់លោកបានប្រាប់ លោកនៅថ្ងៃពុធអំពីបញ្ហាប្រឈមបន្ថែមទៀត ដែលអាចកើតមានបន្ទាប់ពីប្រមូលព័ត៌មាន បន្ថែមអំពីការវាយប្រហារ៕
ប្រែសម្រួលៈ ណៃ តុលា