ព័ត៌មានអន្តរជាតិ

ចាប់ខ្លួនបុរស២នាក់ ដែលលួងលោមស្រ្តីជនជាតិថៃ ឱ្យទៅធ្វើនារីរកស៊ីផ្លូវភេទ នៅប្រទេស ព្រុយណេ

បរទេស៖ ប៉ូលីសនៃអង្គភាពប្រឆាំង ការជួញដូរមនុស្ស ហៅកាត់ថា ATPD នៅថ្ងៃពុធ បានចាប់ខ្លួនបុរសពីរនាក់ ពីបទលួងលោមស្ត្រីថៃ អោយធ្វើពេស្យាចារដោយបង្ខំ នៅក្នុងប្រទេសប្រ៊ុយណេ ។ មេបញ្ជាការ ATPD លោកឧត្តមសេនីយ៍ Siam Boonsom បាននិយាយថា លោក Rachen Sooksorn អាយុ ៤៩ ឆ្នាំត្រូវបានចាប់ខ្លួននៅតំបន់ Wiang Nuea នៃស្រុក Wiang Chai ក្នុងខេត្តឈៀងរ៉ៃ និងលោក Somchai Sukson អាយុ ៥៥ ឆ្នាំត្រូវបានចាប់ខ្លួននៅ Klang Wiang នៃស្រុក Wiang Sa ខេត្ត Nan ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ប៉ូលីសបានចោទប្រកាន់ពួកគេពីបទជួញដូរស្ត្រីអោយធ្វើពេស្យាចារដោយបង្ខំ។ ការចាប់ខ្លួននេះ បានធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងពីស្ត្រីជនជាតិថៃ ២ នាក់ដែលបានភៀសខ្លួនទៅកាន់ស្ថានទូតថៃប្រចាំនៅប្រទេសប្រ៊ុយណេកាលពីថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០១៩ ។

ស្ត្រីទាំងនោះបានប្រាប់ប៉ូលីសថា ក្រុមរបស់លោក Rachen បានផ្តល់ការងារជាអ្នក ម៉ាស្សា នៅប្រទេសប្រ៊ុយណេដោយទទួលបានប្រាក់ខែចំនួនពី ១០០ ០០០បាត ទៅ ២០០ ០០០ បាតក្នុងមួយខែ ដោយនិយាយថា ពួកគេនឹងមានអាហារនិងកន្លែងស្នាក់នៅដោយឥតគិតថ្លៃ ហើយមិនចាំបាច់បង់ប្រាក់សម្រាប់ការរកការងារធ្វើឡើយ៕

ប្រែសម្រួលៈ ណៃ តុលា

To Top