ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ថា គិតត្រឹមថ្ងៃព្រហស្បតិ៍ បណ្តាប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នៅតែរក្សាសញ្ញាប្រុងប្រយ័ត្នខ្ពស់ ដែលប្រទេសម៉ាឡេស៊ី ត្រូវបានគេរាយការណ៍មកថាមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីប្រចាំថ្ងៃខ្ពស់បំផុតចំនួន៣.៣៣៧នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់១៤៧.៨៥៥នាក់ ទន្ទឹមនឹងនេះដែរ ប្រទេសឥណ្ឌូនេស៊ី បានបើកយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំរបស់ខ្លួនប្រឆំាងនឹងជំងឺកូវីដ១៩ ។
លោក Noor Hisham Abdullah អគ្គនាយកនៃក្រសួងសុខាភិបាលម៉ាឡេស៊ី បានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា មានករណីថ្មីចំនួន០៧នាក់ដែលជាអ្នកនាំចូល និង៣.៣៣០នាក់ជាអ្នកឆ្លងជំងឺក្នុងស្រុក ។
មានអ្នកស្លាប់បន្ថែមទៀតចំនួន១៥នាក់ ដែលត្រូវបានគេរាយការណ៍ឲ្យដឹង ដែលនាំឲ្យតួលេខនៃអ្នកស្លាប់សរុបកើនឡើងដល់៥៧៨នាក់ ។
នៅក្នុងប្រទេសឥណ្ឌូនេស៊ី គេបានបញ្ជាក់ថា មានករណីឆ្លងជំងឺបានកើនឡើង១១.៥៥៧នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំកើនឡើងដល់៨៦៩.៦០០នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់បន្ថែមទៀតចំនួន២៩៥នាក់ នាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់២៥.២៤៦នាក់ ។ ក្រសួងសុខាភិបាលបានឲ្យដឹងដូច្នេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា