ព័ត៌មានអន្តរជាតិ

តុលាការកំពូល កូរ៉េខាងត្បូង ផ្ដន្ទាទោសដាក់ពន្ធនាគារ ២០ឆ្នាំ លើអតីតប្រធានាធិបតីលោក ស្រី Park Geun-hye

សេអ៊ូល៖ តុលាការកំពូលកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានសម្រេចផ្តន្ទាទោសរយៈពេលដាក់ពន្ធនាគារ ២០ ឆ្នាំលើអតីតប្រធានាធិបតីលោកស្រី Park Geun-hye នៅក្នុងករណីអំពើពុករលួយដ៏ល្បីល្បាញមួយ ដែលអូសបន្លាយពេលជាច្រើនឆ្នាំ ដែលបានធ្វើឱ្យប្រទេសនេះ និងចុងក្រោយបំផុតបានដកលោកស្រីចេញពីតំណែងនៅឆ្នាំ២០១៧ ។

នៅក្នុងសវនាការកាត់ទោសលើបណ្តឹងឧទ្ធរណ៍ដែលដាក់ដោយរដ្ឋអាជ្ញាប្រឆាំងនឹងសេចក្តីសម្រេចមួយនៅក្នុងខែកក្កដា ដែលបន្ថយរយៈពេលជាប់ពន្ធនាគារលោកស្រី Park តុលាការកំពូលរបស់ប្រទេសនេះ បានរក្សាសេចក្តីសម្រេចរួមទាំងការផាកពិន័យ ១៨ ពាន់លានវ៉ុន (១៥ លានដុល្លារអាមេរិក) និងការសម្រេចជម្រះក្ដីរបស់លោកស្រី ពីបទជំរិតទារប្រាក់ និង ជាផ្នែកមួយនៃលើការចោទប្រកាន់ពីបទរំលោភអំណាច។

លោកស្រី នឹងត្រូវជាប់ពន្ធនាគាររយៈពេល ២២ ឆ្នាំដែលរាប់បញ្ចូលទាំងការជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំសម្រាប់ការផ្តន្ទាទោសឆ្នាំ ២០១៨ របស់លោកស្រី ពីបទជ្រៀតជ្រែកខុសច្បាប់នៅក្នុងដំណើរការតែងតាំងនៃគណបក្ស Saenuri ដែលពេលនោះកំពុងកាន់អំណាច។ ហើយលោកស្រី នឹងត្រូវបានដោះលែងឲ្យមានសេរីភាពវិញ នៅឆ្នាំ២០៣៩ ។

សាលក្រមចុងក្រោយនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានបញ្ចប់នូវរឿងអាស្រូវនយោបាយដ៏ធំបំផុតមួយរបស់ប្រទេសនេះ គឺ ៣ឆ្នាំ និង ៩ខែបន្ទាប់ពីលោកស្រី ត្រូវបានចោទប្រកាន់ជាលើកដំបូងជុំវិញករណីពុករលួយ។

លោកស្រីអតីតប្រធានាធិបតីត្រូវបានបណ្តេញចេញពីការិយាល័យ Cheong Wa Dae កាលពីខែមីនា ឆ្នាំ២០១៧ ដោយសារតែលោកស្រីជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវរំលោភអំណាច និងការស៊ីសំណូក។

គួរបញ្ជាក់ថា លោកស្រីត្រូវបានគេចោទប្រកាន់ពីបទឃុបឃិតជាមួយមិត្ដភក្ដិគឺលោកស្រី Choi Soon-sil ដែលជាមិត្ដជិយស្និទ្ធយូរអង្វែងរបស់លោក ដើម្បីបង្ខំក្រុមហ៊ុនធំៗ ដូចជា Samsung និង Lotte ដើម្បីបរិច្ចាគប្រាក់ចំនួន ៧៧,៤ ពាន់លានវ៉ុនដល់គ្រឹះពីរក្រោមការគ្រប់គ្រងរបស់លោកស្រី Choi៕ដោយ ឈូក បូរ៉ា

To Top