បរទេស៖ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន តាមសេចក្តីរាយការណ៍ បានធ្វើការសង្កត់ធ្ងន់លើភាពសំខាន់នៃចំណងមិត្តភាពដ៏រឹងមាំជាមួយប្រទេសជប៉ុន នៅក្នុងអំឡុងជំនួបដ៏កម្រមួយ ជាមួយឯកអគ្គរាជទូតបរបស់ជប៉ុន ប្រចាំនៅក្នុងទីក្រុងសេអ៊ូល។
នៅក្នុងអំឡុងពេលជួបគ្នាជាមួយលោកឯកអគ្គរាជទូតជប៉ុន កូជី តូមីតា នោះ លោក មូន ជេអ៊ីន បានមានប្រសាសន៍ថា ភាគីទាំងពីរ គឺជាប្រទេសជិតខាងគ្នាដ៏ជិតស្និទ្ធបំផុត សម្រាប់សន្តិភាពនិងវិបុលភាព នៅក្នុងតំបន់អាស៊ីឦសាន និងពិភពលោក។
នៅក្នុងអំឡុងជំនួបរយៈពេល៣០នាទីជាមួយលោក តូមីតា ដែលក្នុងពេលខាងមុខឆាប់ៗនេះ នឹងទៅកាន់តំណែងជាឯកអគ្គរាជទូតជប៉ុនប្រចាំនៅក្នុងទីក្រុងវ៉ាស៊ីនតោននោះ លោកប្រធានាធិបតីកូរ៉េខាងត្បូង ក៏បានស្នើឲ្យមានកិច្ចពិភាក្សាគ្នា ផ្លាស់ប្តូរយោបល់និងសហប្រតិបត្តិការ ដោយមិនរំឭកដល់ចំណុចមិនស្របគ្នាថ្មីៗនេះផងដែរ៕
ប្រែសម្រួល៖ប៉ាង កុង