ព័ត៌មានអន្តរជាតិ

មន្ត្រីជាន់ខ្ពស់យូអិន ជំរុញអាមេរិក ឲ្យដកការដាក់ពួកហូធី នៅយេម៉ែន ក្នុងបញ្ជីខ្មៅ

បរទេស ៖ មន្ត្រីជាន់ខ្ពស់អង្គការ សហប្រជាជាតិ៣រូប នៅពេលថ្មីៗនេះ បានអំពាវនាវ ឲ្យសហរដ្ឋអាមេរិក ដកការសម្រេចចិត្ត ចាត់ទុកពួកហូធីនៅយេម៉ែនថា ជាអង្គការភេរវកម្មបរទេសចេញវិញ ដោយធ្វើការព្រមានថា វានឹងជំរុញប្រទេសយេម៉ែន ឲ្យធ្លាក់ចូលក្នុងភាពអត់ឃ្លាន ទ្រង់ទ្រាយធំ និងធ្វើឲ្យប៉ះពាល់ដល់កិច្ច ប្រឹងប្រែងសន្តិភាព។

មន្ត្រីនាំពាក្យអង្គការ សហប្រជាជាតិមួយរូប បាននិយាយថា លោក Martin Griffiths ជាមន្ត្រីសម្របសម្រួលលើបញ្ហាយេម៉ែន របស់អង្គការសហប្រជាជាតិ លោក Mark Lowcock ជាជំនួយការ លោកអគ្គលេខាធិការ និងលោក David Beasley ជាប្រធានផ្នែកចំណីអាហារអង្គការ សហប្រជាជាតិ បានចេញសេចក្តីព្រមានរបស់ពួកគេ នៅក្នុងអំឡុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ស្តីពីបញ្ហាយេម៉ែន។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Us News បានឲ្យដឹងថា លោកអគ្គលេខាធិការអង្គការ សហប្រជាជាតិ Antonio Guterres បានបង្ហាញនូវការគាំទ្រ ចំពោះសំណើរបស់មន្ត្រីទាំង៣រូបនោះ ឲ្យទីក្រុងវ៉ាស៊ីនតោន ដកការចុះបញ្ជីខ្មៅនោះ៕
ប្រែសម្រួល៖ប៉ាង កុង

To Top