បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងជើង បានប្រារព្ធធ្វើព្យុហយាត្រាយោធាមួយ នៅក្នុងទីក្រុងព្យុងយ៉ាង និងបានបង្ហាញមីស៊ីលផ្លោង បាញ់ចេញពីនាវាមុជទឹក ដែលខ្លួនហៅថា ជាអាវុធដ៏មានឥទ្ធិពលបំផុត លើពិភពលោក ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង Korean Central News Agency បានរាយការណ៍ថា ពិធីព្យុហយាត្រានោះ គឺត្រូវបានប្រារព្ធធ្វើឡើង ក្នុងរាត្រីថ្ងៃព្រហស្បតិ៍នៅទីលាន គីម អ៊ីលស៊ុង ដើម្បីរំឭកដល់ពិធីបិទសមាជបក្សពលករកូរ៉េលើកទី៨ ដែលបានប្រារព្ធទៅមួយសប្ដាហ៍។
គួរបញ្ជាក់ថា នៅក្នុងអំឡុងពេលសមាជបក្សនោះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានហៅថាសហរដ្ឋអាមេរិក ថាជាសត្រូវធំ និងបានអំពាវនាវ ឲ្យរដ្ឋឯកោរបស់លោក ធ្វើការជំរុញបង្កើនសមត្ថភាព យោធានិងនុយក្លេអ៊ែរបស់ខ្លួន៕
ប្រែសម្រួល៖ប៉ាង កុង