Covid-19

ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក កើនឡើងដល់ជាង ២លាននាក់

ញូវយ៉ក៖ មរណភាពដោយសារជំងឺរាតត្បាតកូវីដ-១៩ បានកើនឡើងដល់ជាង ២ លាននាក់កាលពីថ្ងៃសុក្រ នេះបើយោងតាមមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្មប្រព័ន្ធ CSSE នៅសាកលវិទ្យាល័យ Johns Hopkins។

ចំនួនអ្នកស្លាប់ទូទាំងពិភពលោក បានកើនឡើងដល់ ២០០០,៩០៥ នាក់ដែលមានចំនួនសរុបជាង ៩៣,៤លានករណី នៅទូទាំងពិភពលោកគិតត្រឹមម៉ោង ១២ និង២២នាទី ម៉ោងនៅក្នុងស្រុក ម្សិលមិញនេះ នេះបើយោងតាមទិន្នន័យរបស់ CSSE បានបង្ហាញ។

សហរដ្ឋអាមេរិក នៅតែជាប្រទេសដែលរងគ្រោះខ្លាំងជាងគេដោយមានករណី ២៣,៣៦២,០៥០ ករណីនិងអ្នកស្លាប់ចំនួន ៣៨៩,៥៨១ នាក់ដែលស្មើនឹងជាង ១៩ភាគរយ នៃចំនួនអ្នកស្លាប់ទូទាំងពិភពលោក។

ប្រទេសប្រេស៊ីល មានអ្នកស្លាប់ ២០៧,០៩៥ នាក់ ខណៈប្រទេសឥណ្ឌា មានអ្នកស្លាប់ធំជាងគេលំដាប់ទី ៣ លើពិភពលោកដោយមានចំនួន ១៥១,៩១៨ នាក់។ ហើយប្រទេសដែលមានអ្នកស្លាប់ជាង ៦ ម៉ឺននាក់ក៏រួមមានប្រទេសម៉ិកស៊ិក អង់គ្លេស អ៊ីតាលី បារាំង និងរុស្ស៊ី ផងដែរ។

ការស្លាប់ដោយសារជំងឺកូវីដ-១៩ មានដល់ទៅជាង ១ លាននាក់ គួរឱ្យកត់សម្គាល់ចាប់ពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០២០ ហើយចាប់តាំងពីពេលនោះ មកបានកើនឡើងក្នុងល្បឿនលឿន ជាងពេលមុនៗ ៕

ដោយ ឈូក បូរ៉ា

To Top