អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ថា លោក Antonio Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ កាលពីថ្ងៃសៅរ៍ បានថ្កោលទោសទៅលើអំពើវាយប្រហារ ប្រឆាំងនឹងក្រុមបេសកកជនពិសេស របស់អង្គការសហប្រជាជាតិ (UN) នៅក្នុងប្រទេសម៉ាលី ដែលបានកើតឡើងកាលពីថ្ងៃសុក្រ នៅជិត Tessalit ក្នុងតំបន់ Kidal ជាលទ្ធផលបានបណ្តាលឲ្យស្លាប់ អ្នករក្សាសន្តិភាពជនជាតិអេហ្ស៊ីបចំនួន ១នាក់ និងបង្កឲ្យរបួសធ្ងន់អ្នកផ្សេងម្នាក់ទៀត ។
តាមរយៈសេចក្តីថ្លែងការណ៍មួយ ដែលបានចែកចាយរបស់លោក Stephane Dujarric ដែលជាអ្នកនាំពាក្យរបស់គាត់ ប្រមុខអង្គការសហប្រជាជាតិ បានបង្ហាញអំពីការចូលរួម រំលែកទុក្ខដល់ក្រុមគ្រួសារ រួមទាំងពលរដ្ឋ និងរដ្ឋាភិបាលអេហ្ស៊ីប ។ គាត់បានជូនពរដល់អ្នករងរបួស ឲ្យបានឆាប់ជាសះស្បើយ ។
អគ្គលេខាធិការបានបញ្ជាក់ឡើងវិញ អំពីភាពសាមគ្គីគ្នារបស់អង្គការសហប្រជាជាតិ ជាមួយពលរដ្ឋ និងរដ្ឋាភិបាលម៉ាលី ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា