បរទេស៖ ប្រតិភូ ភ្ញៀវ និងមន្ត្រីទាំងអស់ ចំនួន ៤ ២៩៩ នាក់ ដែលចូលរួមសមាជគណបក្សជាតិ ដែលជាព្រឹត្តិការណ៍នយោបាយ ដ៏សំខាន់បំផុតរបស់ប្រទេសវៀតណាម នៅចុងខែនេះ ដើម្បីជ្រើសរើសអគ្គលេខាធិការបក្សកុម្មុយនិស្ត នាយករដ្ឋមន្រ្តី ប្រធានាធិបតី និងប្រធានរដ្ឋសភា សម្រាប់អាណត្តិ ៥ឆ្នាំ នឹងត្រូវធ្វើតេស្តចំនួនពីរដង ដើម្បីរកមេរោគកូវីដ១៩។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក ឃុង មិញតួន អនុប្រធានមជ្ឈមណ្ឌលគ្រប់គ្រងជំងឺ របស់ហាណូយ ថា បុគ្គលិកពេទ្យរាប់រយនាក់នៅទីក្រុងហាណូយ នឹងត្រូវទទួលខុសត្រូវសម្រាប់កិច្ចការនេះ ដើម្បីការពារមេដឹកនាំរដ្ឋាភិបាល និងប្រតិភូ ដែលចូលរួមព្រឹត្តិការណ៍នេះ។
អ្នកចូលរួមនឹងត្រូវយកសំណាក សម្រាប់ការធ្វើតេស្ត ជាក់ស្តែងចាប់ពីថ្ងៃច័ន្ទក្រោយ ហើយការធ្វើតេស្តលើកទី ២ នឹងធ្វើឡើងពីរថ្ងៃមុនសមាជ ដែលគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី ២៥ ខែមករាដល់ថ្ងៃទី ២ ខែកុម្ភៈ។
សូមជម្រាបថា សមាជលើកទី ១៣ នឹងត្រូវធ្វើឡើងដើម្បីជ្រើសរើស អគ្គលេខាធិការបក្សកុម្មុយនិស្ត នាយករដ្ឋមន្រ្តី ប្រធានាធិបតី និងប្រធានរដ្ឋសភា សម្រាប់អាណត្តិ ៥ ឆ្នាំ។ មន្រ្តីប៉ូលីសនិងបុគ្គលិកយោធាជាង ៦ ០០០ នាក់ ត្រូវបានបង្ហាញនៅឯព្យុហយាត្រា មួយកាលពីសប្តាហ៍មុន ក្នុងនាមជាកម្លាំងសន្តិសុខសម្រាប់ព្រឹត្តិការណ៍នេះ។
ក្រុមកងកម្លាំងពិសេសមួយ ដែលមានការបណ្តុះបណ្តាល ក្នុងការប្រឆាំងភេរវកម្ម និងការជួយសង្គ្រោះចំណាប់ខ្មាំង ក៏នឹងមានវត្តមានចូលរួមការពារផងដែរ ៕
ប្រែសម្រួលៈ ណៃ តុលា