ព័ត៌មានអន្តរជាតិ

ឡូសអ៊ែនជីឡេស ក្លាយជាតំបន់ទី១ ដែលមាន អ្នកឆ្លងជំងឺកូវីដ១៩ លើសពី១លាននាក់

ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយកាលពីល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ថា ក្រុមមន្ត្រីសុខាភិបាលក្នុងស្រុក បានលើកឡើងកាលពីថ្ងៃអាទិត្យថា ឡូសអ៊ែនជីឡេស បានក្លាយជាតំបន់ទី១ នៅសហរដ្ឋអាមេរិក ដែលមានអ្នកឆ្លងជំងឺក្នុងស្រុកលើសពី១លាននាក់ ចាប់តាំងពីផ្ទុះជំងឺឆ្លងរាតត្បាតកូវីដ១៩ ។

តំបន់ដែលមានពលរដ្ឋរស់នៅច្រើនបំផុត នៅក្នុងប្រទេស ដែលមានរហូតដល់១០លាននាក់ កាលពីថ្ងៃសៅរ៍ ត្រូវបានគេរាយការណ៍មកថា មានករណីជំងឺកូវីដ១៩ថ្មីចំនួន១៤.៦៦៩នាក់ និងមានអ្នកស្លាប់បន្ថែមទៀតចំនួន២៥៣នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺបានកើនឡើងបន្តបន្តបន្ទាប់ដល់ទៅ១.០០៣.៩២៣នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់ដោយសារជំងឺចំនួន១៣.៧៤១នាក់ ។ ក្រសួងសុខាភិបាលសាធារណៈប្រចាំតំបន់ឡូសអ៊ែនជីឡេស បានឲ្យដឹងដូច្នេះ ។

ក្រសួងខាងលើបានប្រកាសឲ្យដឹងប្រចាំថ្ងៃថា បច្ចុប្បន្ននេះមានអ្នកជំងឺចំនួន៧.៥៩៧នាក់សម្រាកនៅក្នុងមន្ទីរពេទ្យ ដែលស្មើនឹង២២ភាគរយ ក្នុងចំណោមអ្នកដែលបានឆ្លងជំងឺ ។

គេបានដឹងថា វីរុសប្រភេទថ្មី បានរកឃើញនៅក្រុង San Diego ភាគខាងត្បូងរដ្ឋកាលីហ្វ័រនីញ៉ា និងក្រុង San Bernardino ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top