ហ្សាកាតា៖ អាជ្ញាធរបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីកម្រិត ៦,២ រ៉ិចទ័រនៅថ្ងៃសុក្រ លើកោះស៊ូឡាវេស៊ី របស់ប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់ ៧៣ នាក់ និងជាង ៧០០ នាក់ផ្សេងទៀតរងរបួស។
យោងតាមទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិ បានឱ្យដឹងថា សាកសពជាច្រើនទៀតត្រូវបានគេរកឃើញនៅក្នុងទីក្រុងម៉ាមូជូ ដែលជារដ្ឋធានី នៃខេត្តភាគខាងលិចស៊ូឡាវ៉ាស៊ី ដែលរងការវាយប្រហារដោយការរញ្ជួយដីយ៉ាងខ្លាំងកាល ពីព្រឹកថ្ងៃសុក្រសប្ដាហ៍មុននេះ ហើយសាកសពជាច្រើនទៀតក៏ត្រូវបានរកឃើញ នៅក្នុងសង្កាត់ Majene ក្បែរនោះដែរ។
ភ្នាក់ងារខាងលើនេះ បានបានឲ្យដឹបថា ការរញ្ជួយដីនេះបានបំផ្លាញផ្ទះសម្បែង ប្រជាពលរដ្ឋជាង ១១០០ ខ្នង និងមនុស្សប្រមាណ ២៨,០០០ នាក់ត្រូវបានជម្លៀសចេញ។
គ្រឿងផ្គត់ផ្គង់ត្រូវបានចែកចាយដល់អ្នក ដែលផ្លាស់ទីលំនៅដោយ រញ្ជួយដីរួមមានតង់ អាហារ ភួយ និងម៉ាស៊ីនភ្លើង ក៏ដូចជារបាំងមុខ ដើម្បីការពារប្រឆាំង នឹងការឆ្លងមេរោគ៕ដោយ ឈូក បូរ៉ា