ព័ត៌មានអន្តរជាតិ

បុរសម្នាក់ រស់នៅអាកាសយានដ្ឋាន ដល់ទៅ៣ខែ ដោយសារខ្លាច កូវីដ១៩ពេក

បរទេស៖ នៅថ្ងៃនេះទូរទស្សន៍ BBCបានចេញផ្សាយពីអត្ថបទមួយ ដែលបុរសម្នាក់ត្រូវបានគេដឹងថា បានលួចរស់នៅដោយខុសច្បាប់ នៅក្នុងអាកាសយានដ្ឋានមួយរបស់អាមេរិក អស់រយៈពេល៣ខែមកហើយដោយសង្ឃឹមថា នឹងមានសុវត្ថិភាពពីវិរុសកូវីដ១៩។

បុរសដែលត្រូវបានគេស្គាល់ឈ្មោះថា Aditya Singh មានវ័យ៣៦ឆ្នាំត្រូវបានគេចាប់ខ្លួនកាលពីថ្ងៃសៅរ៍កន្លងទៅ បន្ទាប់ពីបុគ្គលិករបស់អាកាសយានដ្ឋាន បានប្រទះឃើញគាត់ហើយនិងបានទាមទារឲ្យបង្ហាញអត្តសញ្ញាណ។ Singh បានចង្អុលទៅកាបូបមួយ ដើម្បីឆ្លើយតបទៅនឹងការសាកសួររបស់ក្រុមបុគ្គលិក ប៉ុន្តែបែរជាបានដឹងថាវាគឺជាកាបូបរបស់បុរសម្នាក់ទៀត ដែលបានរាយការណ៍ថាបានបាត់វាតាំងតែពីខែតុលា។

ប៉ូលីសដែលបានទទួលព័ត៌មាននេះរួចមកហើយបាននិយាយថា លោក Singh បានធ្វើដំណើរមកដល់អាកាសយានដ្ឋាន O’Hare ពីទីក្រុង Los Angeles តាំងតែថ្ងៃទី១៩ខែតុលា ហើយបន្តលួចរស់នៅក្នុងអាកាសយានដ្ឋានរហូតដល់ ថ្ងៃទី១៦ ខែមករាដោយសារតែខ្លាចវិរុសកូវីដ១៩ខ្លាំងពេក ហើយគិតថា នេះជាទីកន្លែងសុវត្ថិភាពបំផុត៕

ប្រែសម្រួល៖ស៊ុនលី

To Top