ព័ត៌មានអន្តរជាតិ

បុរសម្នាក់ ជាបាតុករសម្រុក ចូលវិមានកាពីតូល គំរាមបាញ់សម្លាប់កូនៗខ្លួនឯង ប្រសិនហ៊ានប្រាប់ ប៉ូលីសថា ខ្លួនទៅទីក្រុង វ៉ាស៊ីនតោន

បរទេស ៖ យោងតាមឯកសារតុលាការ សហព័ន្ធចេញផ្សាយ កាលពីថ្ងៃច័ន្ទ បានអោយដឹងថា បុរសម្នាក់នៅរដ្ឋតិចសាស់ ដែលបានសម្រុកចូលវាយប្រហារ វិមានកាពីតូលអាមេរិក កាលពីថ្ងៃទី ៦ ខែមករា ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទគំរាម បាញ់សម្លាប់កូន ៗ របស់ខ្លួនប្រសិនបើពួកគេប្រាប់ អាជ្ញាធរថា គាត់បានទៅទីក្រុង វ៉ាស៊ីនតោនឌីស៊ី។ នេះបើតាមសារព័ត៌មាន NBC News ។

យោងតាមពាក្យបណ្តឹងមួយ ដែលបានប្តឹងនៅតុលាការស្រុកអាមេរិក ក្នុងទីក្រុងវ៉ាស៊ីនតោន គឺថា បុរសនោះឈ្មោះ Guy Reffitt ត្រូវបានចោទប្រកាន់ ពីបទរារាំងយុត្តិធម៌ និងដឹងថា ចូលក្នុងអគារដែលមានការរឹតបន្តឹង ដោយគ្មានការអនុញ្ញាតត្រឹមត្រូវ ។

នៅក្នុងលិខិតបញ្ជាក់ ភ្នាក់ងារ FBI បានពិពណ៌នាថា Reffitt ជាសមាជិកកងជីវពលជាក់ស្តែង ដែលបានធ្វើដំណើរពីជាយក្រុង Dallas ទៅកាន់ទីក្រុង Washington ជាមួយនឹងកាំភ្លើងខ្លី Smith & Wesson ដើម្បីជួយ “ការពារប្រទេសរបស់គាត់” ។ នៅក្នុងបទសម្ភាសន៍ ជាមួយ FBI កូនប្រុសរបស់ លោក Reffitt បាននិយាយថា ឪពុករបស់គាត់បានប្រាប់ក្រុម គ្រួសាររបស់គាត់ថា គាត់បានទៅវិមានកាពីតូល នៅពេលដែលគាត់ពាក់កាមេរ៉ា GoPro ភ្ជាប់នឹងមួកសុវត្ថិភាព៕

ប្រែសម្រួលៈ ណៃ តុលា

To Top