បរទេស ៖ មន្ត្រីនាំពាក្យក្រសួងការបរទេសចិន មួយរូប នៅថ្ងៃអង្គារនេះ បាននិយាយប្រាប់ថា ទីក្រុងបេកាំងជំទាស់ប្រឆាំង នឹងការដាក់សម្ពាធ របស់អាមេរិក លើក្រុមហ៊ុនចិននានា ក្រោយលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បញ្ជាឲ្យធ្វើការវាយតម្លៃលើហានិភ័យសន្តិសុខ បណ្ដាលមកពីកូនដ្រូនចិន ។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បានថ្លែងប្រាប់យ៉ាងដូច្នោះ នៅក្នុងពិធីសន្និសីទកាសែតប្រចាំថ្ងៃមួយ ក្នុងទីក្រុងប៉េកំាង។
គួរបញ្ជាក់ថា នៅថ្ងៃចន្ទសប្ដាហ៍នេះ លោក ត្រាំ បានចុះហត្ថលេខាលើ បទបញ្ជាប្រតិបត្តិមួយ ណែនាំឲ្យទីភ្នាក់ងារសហរដ្ឋអាមេរិកនានា ធ្វើការវាយតម្លៃហានិភ័យសន្តិសុខណាមួយ បង្កឡើងដោយកូនដ្រូន ផលិតដោយចិន នៅក្នុងចំណោមកងកូនដ្រូន រដ្ឋាភិបាលអាមេរិក និងផ្តល់អាទិភាពឲ្យដកពួកវាចោល៕
ប្រែសម្រួល៖ប៉ាង កុង