បរទេស៖ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសកាតា លោក Sheikh Mohammed bin Abdulrahman Al-Thani បាននិយាយប្រាប់សារព័ត៌មាន ថា ប្រទេសកាតា នាពេលថ្មីៗនេះ បានជំរុញបណ្ដាប្រទេសអារ៉ាប់ នៅតំបន់ឈូងសមុទ្រ ឲ្យធ្វើការពិភាក្សាគ្នាជាមួយប្រទេសអ៊ីរ៉ង់ និងថា វាជាពេលវេលាសមស្រប សម្រាប់ទីក្រុងដូហា ធ្វើការសម្របសម្រួលការចរចាគ្នា។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា នៅក្នុងបទសម្ភាសន៍មួយ លោកបាននិយាយប្រាប់ទូរទស្សន៍ Bloomberg TV ដូច្នេះថា “នេះក៏ជាបំណងប្រាថ្នាមួយ ដែលប្រទេសជាក្រុមប្រឹក្សាសហប្រតិបត្តិការ តំបន់ឈូងសមុទ្រផ្សេងទៀតមានដែរ”។
រដ្ឋមន្ត្រីការបរទេសប្រទេសកាតារូបនេះ បានបន្ថែមទៀតថា រដ្ឋាភិបាលរបស់លោក នឹងគាំទ្រដល់កិច្ចពិភាក្សា ដែលកំពុងតែប្រព្រឹត្តទៅ រវាងប្រទេសអ៊ីរ៉ង់ និងប្រទេសកូរ៉េខាងត្បូង ដើម្បីឲ្យធ្វើការលែងវិញ នូវនាវាដឹកប្រេងមួយគ្រឿង ដែលកងកម្លាំងការពារបដិវត្តន៍អ៊ីរ៉ង់បានរឹបអូស កាលពីដើមខែនេះ៕ ប្រែសម្រួល៖ប៉ាង កុង