បរទេស៖ តុលាការក្នុងប្រទេសថៃ នាពេលថ្មីៗនេះ បានកាត់ទោសដាក់ពន្ធនាគារស្ត្រីម្នាក់រយៈពេល៤៣ឆ្នាំ ពីបទប្រមាថព្រះមហាក្សត្រ ឬក៏ពីបទល្មើសច្បាប់ដែលអាចដាក់ពិន័យជនល្មើស សម្រាប់ការនិយាយលើកឡើងប្រឆាំងនឹងព្រះមហាក្សត្រ។
កាសែតបាងកកប៉ុស្តិ៍ បានរាយការណ៍នៅថ្ងៃអង្គារនេះថា ស្ត្រីម្នាក់ ដែលគេប្រាប់ឈ្មោះត្រឹមថា Anchan នោះ ពីដើមឡើយ គឺត្រូវគេកាត់ទោសដាក់ពន្ធនាគារ៨៧ឆ្នាំ ពីបទចែករំលែកវីដេអូ ដែលគេចាត់ថាប្រមាថមើលងាយព្រះមហាក្សត្រ។ ការកាត់ទោសរបស់គាត់ ត្រូវបានកាត់បន្ថយឲ្យនៅសល់តែ៤៣ឆ្នាំនិង៦ខែវិញ បន្ទាប់ពីគាត់សារភាពទោសកំហុស នៅក្នុងអំឡុងពេលកាត់ក្តី។
យោងតាមកាសែត The Guardian និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក លោកស្រី Anchan បាននិយាយដូច្នេះថា “ខ្ញុំគិតថា វាគ្មានអ្វីទាល់តែសោះ មានមនុស្សជាច្រើន ដែលបានចែករំលែករឿងបែបនេះ និងបានស្តាប់វា ដូច្នេះខ្ញុំពិតជាមិនគិតដល់រឿងនេះ និងមានទំនុកចិត្តជ្រុលហួស និងគ្មានការប្រុងប្រយ័ត្នគ្រប់គ្រាន់ ដើម្បីភ្ញាក់រឭកទាន់ពេលថា វាជារឿងមិនសមរម្យ”៕ប្រែសម្រួល៖ប៉ាង កុង