ព័ត៌មានអន្តរជាតិ

អាមេរិក ពិន័យបណ្ដាញក្រុមហ៊ុនប្រេង ពីបទជួយវេណេស៊ុយអេឡា ឲ្យគេចពីទណ្ឌកម្ម

បរទេស៖ សហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ បានដាក់ទណ្ដកម្មបណ្ដាញក្រុមហ៊ុនប្រេងនានា ដែលមន្ត្រីជំនាញនិយាយថា បានជួយប្រទេសវេណេស៊ុយអេឡា ឲ្យគេចវេសពីការពិន័យ សម្រាប់ប្រតិបត្តិការជំនួញ ក្រោយមួយថ្ងៃ បន្ទាប់ពីពិន័យនាវារុស្ស៊ីមួយគ្រឿង ដែលចូលរួម ក្នុងការកសាងបំពង់ទុយយោប្រេងក្រោមទឹក ទៅកាន់ប្រទេសអាល្លឺម៉ង់។

តាមសេចក្តីរាយការណ៍ វិធានការពិន័យថ្មីនេះ គឺផ្តោតគោលដៅលើបណ្ដាញបុគ្គល និងក្រុមហ៊ុននានា ដែលមន្ត្រីជំនាញនិយាយថា កំពុងមានបំណង ជួយប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ឲ្យគេចផុតពីទណ្ឌកម្មសហរដ្ឋអាមេរិក និងលក់ប្រេងមានទំហំទឹកប្រាក់ រាប់រយលានដុល្លារ។

យោងតាមក្រសួងរតនាគារ សហរដ្ឋអាមេរិក ទណ្ឌកម្មនោះបានផ្តោតគោលដៅ លើបុគ្គលចំនួន៣រូប ក្រុមហ៊ុនចំនួន១៤ និងនាវាចំនួន៦គ្រឿង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Steven Mnuchin បានមានប្រសាសន៍យ៉ាងដូច្នេះថា “អ្នកទាំងឡាយ ដែលសម្របសម្រួល ដល់បំណងមិនស្របច្បាប់ របស់របបលោក ម៉ាឌូរ៉ូ ដើម្បីគេចវេះពីទណ្ឌកម្មសហរដ្ឋអាមេរិកនោះ មានការចូលរួមក្នុងអំពើពុករលួយ ដែលប្រើប្រាស់ប្រទេសវេណេស៊ុយអេឡា”៕ ប្រែសម្រួល៖ប៉ាង កុង

To Top