ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ ព្រមានបិទព្រំដែន ស្របពេលមានការភ័យខ្លាច ពីការប្រែប្រួលនៃជម្ងឺកូវីដ១៩

បរទេស៖ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានព្រមានថា ប្រទេសអាល្លឺម៉ង់ អាចនឹងចាំបាច់ត្រូវតែពិចារណា ការបិទច្រកព្រំដែន ប្រសិនបើបណ្ដាប្រទេសអឺរ៉ុបផ្សេងទៀត មិនធ្វើសកម្មភាពបញ្ឈប់ការរាតត្បាតនៃមេរោគកូរ៉ូណា ជាពិសេសប្រភេទថ្មី ដែលអាចចម្លងកាន់តែច្រើន។

លោកស្រីបាននិយាយប្រាប់ អ្នកសារព័ត៌មាននៅថ្ងៃអង្គារថា “យើងអាចធ្វើអ្វីមួយតាមដែលយើងចង់ ប៉ុន្តែយើងនឹងមិនជោគជ័យទេ ប្រសិនបើប្រទេសផ្សេងទៀត មិនធ្វើការងារ ប្រហាក់ប្រែហែលគ្នានេះដែរនោះ។ យើងចំបាច់ត្រូវតែធ្វើឲ្យប្រាកដចិត្តថា មនុស្សរាល់គ្នានៅជុំវិញយើង កំពុងតែធ្វើដូចគ្នា ដូច្នោះយើងចាំបាច់ត្រូវសម្លឹងរកវិធានការនានា ដូចជាការបិទមិនឲ្យធ្វើដំណើរចូលជាដើម”។

គួរបញ្ជាក់ថា ការថ្លែងបែបនេះ របស់អធិការបតីអាល្លឺម៉ង់រូបនេះ គឺត្រូវបានធ្វើឡើង ក្រោយលោកស្រី និងថ្នាក់ដឹកនាំរដ្ឋទាំង១៦ របស់ប្រទេសអាល្លឺម៉ង់ បានព្រមព្រៀងគ្នា បន្តដាក់បម្រាមគោចរចំនួនពីរសប្ដាហ៍ថែមទៀត សម្រាប់ហាងនិងសាលារៀនភាគច្រើន រហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ៕ ប្រែសម្រួល៖ប៉ាង កុង

To Top