ព័ត៌មានអន្តរជាតិ

ជប៉ុន តម្រូវឲ្យកូរ៉េខាងត្បូង បង្ហាញសកម្មភាពជាក់ស្ដែង បើចង់ស្ដារទំនាក់ទំនងឡើងវិញ

តូក្យូ៖ រដ្ឋមន្រ្តីការបរទេសជប៉ុន Toshimitsu Motegi បានទទូចដល់ប្រទេសកូរ៉េខាងត្បូង ឱ្យធ្វើសំណើជាក់ស្តែង ដើម្បីដោះស្រាយជម្លោះទ្វេភាគី គឺមួយថ្ងៃបន្ទាប់ពីប្រធានាធិបតី កូរ៉េខាងត្បូងលោក មូន ជេអ៊ីន បានធ្វើការកត់សម្គាល់ អំពីភាពចាំបាច់ ដើម្បីពង្រឹងទំនាក់ទំនង ទ្វេភាគីឡើងវិញ។

លោកបានថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានថា “វាពិបាកក្នុងការធ្វើការវិនិច្ឆ័យ ដោយផ្អែកទៅលើសេចក្តីថ្លែងការណ៍ របស់ភាគីកូរ៉េខាងត្បូង ដែលថាខ្លួនចង់ដោះស្រាយបញ្ហា ជាមួយជប៉ុន”។

ទំនាក់ទំនងទ្វេភាគីបានធ្លាក់ចុះ ដល់កម្រិតទាបជាប្រវត្តិសាស្រ្ត លើសេចក្តីសម្រេចរបស់តុលាការកំពូល នៅប្រទេសកូរ៉េខាងត្បូង ក្នុងឆ្នាំ២០១៨ ដែលបានបញ្ជាឱ្យក្រុមហ៊ុនជប៉ុន ផ្តល់សំណងដល់ប្រជាជនកូរ៉េ សម្រាប់កម្លាំងពលកម្មក្នុងសម័យសង្គ្រាមរបស់ពួកគេ។ នីតិវិធីរបស់តុលាការ កំពុងដំណើរការ ដើម្បីរឹបអូស និងបំលែងទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន នៅក្នុងប្រទេសកូរ៉េខាងត្បូង ។

ប្រទេសជប៉ុន បានប្រឆាំងនឹងសេចក្តីសម្រេចនេះ ដោយថា ពួកគេបានរំលោភលើកិច្ចព្រមព្រៀង ទ្វេភាគីឆ្នាំ១៩៦៥ ដែលបានដោះស្រាយរាល់ ការទាមទារទាំងអស់ ដែលទាក់ទងនឹងការគ្រប់គ្រង អាណានិគមរបស់ខ្លួននៅឧបទ្វីបកូរ៉េក្នុងឆ្នាំ ១៩១០-១៩៤៥ ។ ការខាតបង់ណាមួយ ដែលបានធ្វើឱ្យប៉ះពាល់ ដល់ក្រុមហ៊ុនជប៉ុន នឹងធ្វើឱ្យខូចខាតដល់ ទំនាក់ទំនងទ្វេភាគី។

នៅឯសន្និសីទសារព័ត៌មានឆ្នាំថ្មី កាលពីថ្ងៃច័ន្ទនៅទីក្រុងសេអ៊ូល លោកមូន ជេអ៊ីន ដែលធ្លាប់បានសង្កត់ធ្ងន់ថា លោកនឹងគោរពសេចក្តី សម្រេចរបស់តុលាការឯករាជ្យ បានលើកឡើងថា លោកចាត់ទុកការលក់ទ្រព្យ សម្បត្តិរបស់ក្រុមហ៊ុនជប៉ុន ដែលអាចធ្វើទៅបានថា ជាការមិនចង់បានសម្រាប់ចំណងទាក់ទងទ្វេភាគី៕

ដោយ ឈូក បូរ៉ា

To Top