បរទេស៖ ក្រុមរាជានិយមជ្រុល បានបង្កើតគណបក្សនយោបាយថ្មី មួយនៅថ្ងៃពុធ ដើម្បីការពារព្រះមហាក្សត្រ ចំពេលមានការអំពាវនាវ ដែលមិនធ្លាប់មានពីមុនមក ដើម្បីធ្វើកំណែទម្រង់របបរាជានិយម ដោយចលនាតវ៉ា ដែលដឹកនាំដោយយុវជន។
យោងតាមសារព័ត៌មាន Bankok Post ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា គណបក្ស Thai Pakdee (ថៃ ស្មោះត្រង់) គឺជាមែកធាង នៃក្រុមរាជានិយម ដែលមានឈ្មោះដូចគ្នា ដែលបានបង្កើត ឡើងកាលពីខែសីហា ដើម្បីប្រឆាំងនឹងការធ្វើបាតុកម្ម នៅតាមដងផ្លូវ ដោយមានការប្រមូលផ្តុំ គាំទ្រព្រះមហាក្សត្រ ។
អ្នកនយោបាយជើងចាស់ លោក Warong Dechgitvigrom នឹងដឹកនាំគណបក្សថ្មី ដែលលោកបាននិយាយថា នឹងប្រយុទ្ធជាមួយក្រុមនយោបាយ ដែលមានចេតនាពិត ដើម្បីផ្តួលរំលំរបបរាជានិយម ។ លោក Warong បានប្រាប់សន្និសីទសារព័ត៌មានថា “មុនពេលយើងការពារ … ថ្ងៃនេះយើងប្រកាសសង្គ្រាមយើង នឹងប្រយុទ្ធ ដើម្បីការពាររាជាធិបតេយ្យ” ៕ប្រែសម្រួលៈ ណៃ តុលា