ព័ត៌មានអន្តរជាតិ

សារព័ត៌មានវៀតណាម ៖ ប៉ូលីសប៉ុស្តិ៍ព្រំដែនធួងភុច រឹបអូសគ្រឿងញៀន បាន៩០គីឡូ ដែលចេញពីកម្ពុជា

បរទេស៖ អាជ្ញាធរក្នុងខេត្តដុងថាប បានរឹបអូសគ្រឿងញៀន ដែលគេបានជួញដូរប្រហែល ៩០ គីឡូក្រាម ដែលជាចំនួនដ៏ច្រើនបំផុត មិនធ្លាប់មាន ត្រូវបានរកឃើញ នៅក្នុងខេត្តដីសណ្ដទន្លេមេគង្គ និងឈានដល់ការចាប់ខ្លួន មនុស្ស ៣ នាក់។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា លោកឡេ វ៉ានថៃប្រធានប៉ុស្តិ៍ការពារព្រំដែន ធួងភុច រវាងប្រទេសវៀតណាម និងប្រទេសកម្ពុជា កាលពីថ្ងៃអង្គារ បាននិយាយថា មនុស្ស ៣ នាក់ត្រូវបានចាប់ខ្លួន នៅស្រុកហុងងូ កាលពីថ្ងៃអាទិត្យ ពីបទជួញដូរគ្រឿងញៀន រួមទាំងហេរ៉ូអ៊ីន ។ នេះបើតាមការផ្សាយ របស់សារព័ត៌មាន Vietnam News Agency។

ង្វៀនធុយវី អាយុ ២៨ ឆ្នាំ, ហ៊ុញ ងុកដេត អាយុ ២៩ ឆ្នាំ និងង្វៀនតាន់ដុង អាយុ ៤៣ ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទរត់ពន្ធគ្រឿងញៀន ហេរ៉ូអ៊ីន និងគ្រឿងញៀនផ្សេងទៀត ពីប្រទេសកម្ពុជា ទៅទីក្រុងហូជីមិញនៅម៉ោងប្រហែល ២ និង ៤៥ នាទីព្រឹកថ្ងៃអាទិត្យ ។ រថយន្តមួយគ្រឿងក៏ត្រូវបានដកហូតទុក ជាភស្តុតាងផងដែរ ខណៈការស៊ើបអង្កេតកំពុងបន្ត។

សូមជម្រាបថា អ្នកដែលត្រូវបានផ្តន្ទាទោស ពីបទកាន់កាប់ឬរត់ពន្ធគ្រឿងញៀន ប្រភេទហេរ៉ូអ៊ីនច្រើនជាង ៦០០ក្រាម ឬមេតំហ្វេតាមីនជាង ២,៥ គីឡូក្រាម ប្រឈមនឹងទោសប្រហារជីវិត នៅប្រទេសវៀតណាម ។ ការផលិតឬលក់ហេរ៉ូអ៊ីន ១០០ ក្រាមឬ ៣០០ ក្រាម នៃគ្រឿងញៀនខុសច្បាប់ផ្សេងទៀត ក៏ត្រូវផ្តន្ទាទោសដូចគ្នាដែរ៕
ប្រែសម្រួលៈ ណៃ តុលា

To Top