ព័ត៌មានអន្តរជាតិ

ប្រទេស កៀហ្ស៊ីស៊ីស្ថាន សុំជំនួយវ៉ាក់សាំង ការពារមេរោគកូវីដ១៩ ពីរុស្ស៊ី ៥០ម៉ឺនដូស

បរទេស៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលប្រទេស កៀហ្ស៊ីស៊ីស្ថាន លោក Alymkadyr Beishenaliev បាននិយាយកាលពីថ្ងៃពុធ នៅក្នុងបទសម្ភាសន៍មួយជាមួយវិទ្យុជាតិ Birinchi ថា ប្រទេសកៀហ្ស៊ីស៊ីស្ថានបានស្នើសុំវ៉ាក់សាំង ការពារមេរោគកូវីដ១៩ចំនួន ៥០០ ០០០ ដូសពីប្រទេសរុស្ស៊ីប្រឆាំង នឹងមេរោគឆ្លងថ្មីនេះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Beishenaliev ថា “ថ្នាក់ដឹកនាំរបស់កៀហ្ស៊ីស៊ីស្ថាន បានផ្ញើលិខិតទៅប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ។ យើងបានស្នើសុំវ៉ាក់សាំងចំនួន ៥០០ ០០០ ដូស” ។

លោកបានបន្ថែមថា កៀហ្ស៊ីស៊ីស្ថាន បានទទួលការយល់ព្រមពីក្រសួងសុខាភិបាលរុស្ស៊ីហើយ បញ្ហានឹងត្រូវបានដោះស្រាយនាពេលខាងមុខនេះ។ បើតាមលោករដ្ឋមន្រ្តីស្ថានភាពជំងឺរាតត្បាតនៅក្នុងប្រទេសនៅតែជួបការលំបាកហើយចាំបាច់ត្រូវចាប់ផ្តើមចាក់វ៉ាក់សាំងឱ្យបានច្រើនដើម្បីត្រឡប់ទៅរកជីវិតធម្មតាវិញ។ កាលពីថ្ងៃអង្គារលោក Beishenaliev បាននិយាយថា ប្រទេសកៀហ្ស៊ីស៊ីស្ថានមិនមានចេតនាដឹកជញ្ជូនការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer នោះទេ ដោយសារប្រទេសនេះខ្វះម៉ាស៊ីនត្រជាក់សមស្របដើម្បីផ្ទុកវ៉ាក់សាំងនេះ។

បើតាមលោករដ្ឋមន្រ្តី គឺថា ទូទឹកកកមួយដែលមានសមត្ថភាព រក្សាសីតុណ្ហភាព គឺត្រូវការចាំបាច់ ប្រហែល ៤០០០ ដុល្លារ។ លោកបន្ថែមថា ២ លានដុល្លារទៀត ត្រូវការជាចាំបាច់ដើម្បីទុកវ៉ាក់សាំង Pfizer COVID-19 ។ ចាប់តាំងពីការផ្ទុះឡើងនៃវីរុសនេះហើយកាលពីដើមឆ្នាំមុន ប្រទេសកៀហ្ស៊ីស៊ីស្ថាន បានបញ្ជាក់ពីការឆ្លងចំនួន ៨៣ ៤៣០ នាក់ក្នុងនោះមានអ្នកស្លាប់ ១ ៣៩២ នាក់៕

To Top