ព័ត៌មានអន្តរជាតិ

ការវាយប្រហារតាមអាកាស អាមេរិកសម្លាប់ភេរវករអាល់សាបាប នៅសូម៉ាលី

បរទេស៖​ ទីបញ្ជាការប្រចាំនៅតំបន់អាហ្វ្រិក របស់សហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃអង្គារសប្ដាហ៍នេះថា កងកម្លាំងសហរដ្ឋអាមេរិក បានធ្វើការវាយប្រហារចំនួនពីរ លើភេរវករអាល់សាបាប នៅក្នុងប្រទេសសូម៉ាលី ដោយសម្លាប់សមាជិក ក្រុមភេរវកម្មឥស្លាមនោះចំនួន៣នាក់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីបញ្ជាការប្រចំានៅអាហ្វ្រិករបស់អាមេរិក បាននិយាយថា យោងតាមការវាយតម្លៃបឋម គឺគ្មានជនស៊ីវិលណាមួយរងរបួស ឬក៏ស្លាប់បាត់បង់ជីវិត នៅក្នុងការវាយប្រហារតាមអាកាស ដែលបានធ្វើឡើងនៅជិតស្រុក Jamaame និងស្រុក Deb Scinnele នោះ ដោយមានការសម្របសម្រួល ជាមួយរដ្ឋាភិបាលនៃប្រទេសសូម៉ាលី។

លោកឧត្តមសេនីយ៍ Dagvin Anderson មកពីកងកម្លាំងទ័ពអាកាសអាមេរិក បានមានប្រសាសន៍ ក្នុងសេចក្តីថ្លែងការណ៍មួយថា “ការវាយប្រហារ ដែលផ្តោតគោលដៅ លើថ្នាក់ដឹកនាំពួកអាល់សាបាបទាំងនេះ ពាក់ព័ន្ធក្នុងទីតាំងបង្កើតគ្រាប់បែកច្នៃ ទីតាំងហ្វឹកហាត់ពួកភេរវករ និងផែនការវាយប្រហារ”៕ ប្រែសម្រួល៖ប៉ាង កុង

To Top