បរទេស៖ ប្រេសិតកោះតៃវ៉ាន់ ប្រចាំនៅសហរដ្ឋអាមេរិក លោកស្រី Hsiao Bi-khim មានវត្តមាននៅក្នុងពិធីស្បថ ចូលកាន់តំណែងកាលពីថ្ងៃពុធ របស់លោកប្រធានាធិបតី Joe Biden ដែលជាការតំណាងជាផ្លូវការ លើកដំបូងរបស់កោះតៃវ៉ាន់ នៅទីក្រុងវ៉ាស៊ីនតោនចាប់តាំង ពីសហរដ្ឋអាមេរិក បានកាត់ផ្តាច់ចំណងការទូត ជាមួយរដ្ឋាភិបាល ទីក្រុងតៃប៉ិ អស់រយៈពេលជាង ៤០ ឆ្នាំកន្លងមក។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា នៅខាងមុខ វិមានកាពីតូល ក្នុងវីដេអូមួយដែលលោកស្រី បានបង្ហោះនៅលើបណ្តាញសង្គមថា «កិត្តិយសត្រូវបានតំណាង ឱ្យប្រជាជន និង រដ្ឋាភិបាលកោះតៃវ៉ាន់ នៅទីនេះក្នុង ពិធីស្បថចូលកាន់តំណែង របស់លោកប្រធានាធិបតី Biden និងអនុប្រធានាធិបតីលោកស្រី Harris »។ ប្រជាធិបតេយ្យគឺជាភាសារួមរបស់យើង ហើយសេរីភាព គឺជាគោលបំណងរួមរបស់យើង»។
អ្នកការទូតរូបនេះ បានបន្ថែមថា លោកស្រីកំពុងទន្ទឹងរងចាំធ្វើការ ជាមួយរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក។
សហរដ្ឋអាមេរិក រួមជាមួយប្រទេសជាច្រើនទៀត មិនទទួលស្គាល់កោះតៃវ៉ាន់ជាប្រទេសអធិបតេយ្យ និងប្រកាន់ខ្ជាប់ជាផ្លូវការ នូវគោលនយោបាយ“ ចិនតែមួយ” ។ ទោះយ៉ាងណា រដ្ឋាភិបាលទីក្រុង វ៉ាស៊ីនតោន បានរក្សាទំនាក់ទំនងក្រៅផ្លូវការ ជាមួយកោះនេះបន្ទាប់ ពីបានផ្តាច់ចំណង ការទូត ជាមួយប្រទេសនេះក្នុងឆ្នាំ ១៩៧៩ ៕
ប្រែសម្រួលៈ ណៃ តុលា