ព័ត៌មានអន្តរជាតិ

IOM៖ ជនអន្តោប្រវេសន៍ខុសច្បាប់ ចំនួន៤៨នាក់ ត្រូវបានជួយសង្គ្រោះចេញ ពីឆ្នេរសមុទ្រ នៃប្រទេសលីប៊ី

ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ថា អង្គការជនអន្តោប្រវេសន៍អន្តរជាតិ (IOM)បានឲ្យដឹងកាលពីថ្ងៃពុធថា ជនអន្តោប្រវេសន៍ខុសច្បាប់ ចំនួន៤៨នាក់ ត្រូវបានជួយសង្គ្រោះចេញពីឆ្នេរ សមុទ្រនៃប្រទេសលីប៊ី ។

អង្គការជនអន្តោប្រវេសន៍អន្តរជាតិ បានឲ្យដឹងនៅលើបណ្តាញសង្គម Twitter ថា “បុគ្គលិករបស់ IOM នៅឯកំពង់ផែទ្រីប៉ូលី នឹងផ្តល់ការជំនួយបន្ទាន់ដល់ជនអន្តោប្រវេសន៍ចំនួន៤៨នាក់ ដើម្បីឲ្យវិលចូលច្រាំងសមុទ្រវិញ ដោយឆ្មាំការពារដែនសមុទ្រនៅថ្ងៃនេះ” ។

ក្នុងចំណោមជនអន្តោប្រវេសន៍ទាំងអស់នោះ គឺមាន១១នាក់ជាកុមារ និងស្ត្រីម្នាក់ ។ អង្គការ IOM បានបញ្ជាក់ដូច្នេះ ដោយសង្កត់ធ្ងន់ថា លីប៊ី មិនមានសុវត្ថិភាព សម្រាប់ការចុះចេញទូកនោះទេ ។

គេបានដឹងថា ជនអន្តោប្រវេសន៍រាប់ពាន់នាក់ បានជ្រើសរើសយកការឆ្លងកាត់សមុទ្រ មេឌីទែរ៉ាណេ ចេញពីលីប៊ី ឆ្ពោះទៅកាន់តំបន់អឺរ៉ុប ដោយសារតែបណ្តា ប្រទេសនៅទ្វីបអាហ្វ្រិក បានរងនូវភាពអសន្តិសុខ និងភាពចលាចលខ្លំាង ដោយសារសង្គ្រាមកើតឡើង ចាប់តាំងពីមានការដួលរលំ របបដឹកនាំដោយមេដឹកនាំលីប៊ី Muammar Gaddafi នៅក្នុងឆ្នាំ ២០១១ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top