ព័ត៌មានអន្តរជាតិ

ចិនដាក់ទណ្ឌកម្មលោក Pompeo និងមន្ត្រីរបស់លោក ត្រាំ

បរទេស៖ ក្រោយមួយថ្ងៃ បន្ទាប់ពីសហរដ្ឋអាមេរិក ប្រកាសថាទង្វើចិនលើប្រជាជនមូស្លីភាគតិច Uyghur គឺជាអំពើប្រល័យពូជសាសន៍នោះ មហាយក្សអាស៊ីមួយនេះ បានដាក់ទណ្ឌកម្ម លើមន្ត្រីជាន់ខ្ពស់របស់រដ្ឋបាលលោក ត្រាំ នានា ដែលរួមមានទាំងអតីតរដ្ឋមន្ត្រីការបរទេស គឺលោក Mike Pompeo ផង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញភ្លាមៗក្រោយលោក ចូ បៃដិន ឡើងកាន់តំណែង ជាប្រធានាធិបតីសហរដ្ឋអាមេរិក ក្រសួងការបរទេសចិន បានប្រកាសទណ្ឌកម្មលើ លោក Pompeo និងមន្ត្រីរបស់លោក ត្រាំ ៨នាក់ផ្សេងទៀត ដោយហាមឃាត់ពួកគេ និងសមាជិកក្រុមគ្រួសារ មិនឲ្យធ្វើដំណើរចូលក្នុងទឹកដីចិន រួមទាំងហុងកុងនិងម៉ាកាវ ព្រមទាំងរឹតបន្តឹងក្រុមហ៊ុនរបស់ពួកគេ មិនឲ្យធ្វើពាណិជ្ជកម្ម ក្នុងប្រទេសអាស៊ីមួយនេះ។

យោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា អ្នកដែលទទួលរងទណ្ឌកម្មទាំងនោះ ក៏រួមបញ្ចូលទាំងអតីតទីប្រឹក្សាជំនួញ លោក Peter Navarro អតីតទីប្រឹក្សាសន្តិសុខជាតិ លោក Robert O’Brien អតីតមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស លោក David Stilwell ប្រេសិតប្រចាំនៅអង្គការសហប្រជាជាតិ លោក Kelly Craft រដ្ឋមន្ត្រីសុខាភិបាល លោក Alex Azar អតីតទីប្រឹក្សាសន្តិសុខជាតិ លោក John Bolton និងជំនួយការលោក ត្រាំ គឺលោក Stephen Bannon និងមន្ត្រីផ្សេងៗទៀត៕ ប្រែសម្រួល៖ប៉ាង កុង

To Top