បរទេស ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន នៅថ្ងៃព្រហស្បតិ៍នេះ បានផ្ញើសារអបអរសាទរ ចំពោះប្រធានាធិបតីអាមេរិក ឡើងកាន់តំណែងថ្មី លោក ចូ បៃដិន និងបានប្តេជ្ញាធ្វើការងារ យ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលថ្មី លើបញ្ហានានា ដែលរួមបញ្ចូលទាំងដំណើរ ការសន្តិភាពលើឧបទ្វីបកូរ៉េផង ។
នៅក្នុងអំឡុងពេលសន្និសីទកាសែតមួយ មន្ត្រីនាំពាក្យ លោក Kang Min-seok បាននិយាយថា លោក មូន ជេអ៊ីន បានមានប្រសាសន៍ថា សារសាមគ្គីរបស់លោក បៃដិន គឺកំពុងតែលាន់ ឮដល់ប្រជាជនអាមេរិក និងថា លោកសង្ឃឹមថា នឹងបានជួបលោក បៃដិន ដោយផ្ទាល់ នៅក្នុងពេលអនាគតខាងមុខឆាប់ៗនេះ ។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍ផ្សេងគ្នាមួយ លើបណ្ដាញសង្គមធ្វីតធ័រ លោកប្រធានាធិបតីកូរ៉េខាងត្បូង បានផ្ញើការអបអរសាទររបស់លោក ដោយសរសេរថា អាមេរិកវិលត្រឡប់វិញហើយ៕
ប្រែសម្រួល៖ប៉ាង កុង