ដាម៉ាស់៖ ក្រសួងការបរទេសស៊ីរី នៅថ្ងៃពុធម្សិលមិញនេះ បានទាមទារឱ្យមានការដកជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌនូវ កងកម្លាំងសហរដ្ឋអាមេរិក ពីប្រទេសស៊ីរី នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយក្រសួងបានថ្កោលទោសចំពោះអ្វីដែលខ្លួនហៅថា ការអនុវត្តន៍អរិភាពរបស់កងកម្លាំង សហរដ្ឋអាមេរិក នៅភាគឦសាននៃប្រទេសស៊ីរី។
ក្រសួងការបរទេសស៊ីរី បានចោទប្រកាន់កម្លាំងសហរដ្ឋអាមេរិកពីបទ“ លួចជាប្រព័ន្ធ” នៃធនធានប្រេង និងកសិកម្មនៅភាគខាងជើងប្រទេសស៊ីរីបន្ថែមលើការនាំកម្លាំងយោធាទៅផ្នែកមួយនៃប្រទេសនេះ។
ក្រសួងបានចោទប្រកាន់ថា អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ បានធ្វើឱ្យអស្ថិរភាពក្នុងតំបន់និងគាំទ្រចលនាបំបែកខ្លួន ក្នុងគោលបំណង ដើម្បីបែងចែកប្រទេសស៊ីរី និងរារាំងការឈានដល់ដំណោះស្រាយនយោបាយ តាមរយៈការគាំទ្រក្រុមភេរវជន។
ទន្ទឹមនឹងនេះក្រសួងបានអំពាវនាវដល់សហគមន៍អន្តរជាតិ ថ្កោលទោសចំពោះចលនានិងការកាន់កាប់របស់សហរដ្ឋអាមេរិក លើទឹកដីស៊ីរី និងបរិហារការដាក់ទណ្ឌកម្ម“ដោយបង្ខំ និងឯកតោភាគី” លើប្រទេសស៊ីរី៕ដោយ ឈូក បូរ៉ា