បរទេស៖ រដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានសេតវិមាន លោក Jen Psaki បាននិយាយថា សហរដ្ឋអាមេរិក ព្យាយាមពង្រីកនិងពង្រឹងការទប់ស្កាត់នុយក្លេអ៊ែលើអ៊ីរ៉ង់ តាមរយៈកិច្ចការការទូត ហើយបញ្ហានោះនឹងជាផ្នែកនៃកិច្ចពិភាក្សាមុនគេរបស់លោកប្រធានាធិបតី ចូ បៃដិន ជាមួយសមភាគីបរទេសនិងសម្ពន្ធមិត្ត។
នៅក្នុងសន្និសីទកាសែតមួយ លោក Jen Psaki បាននិយាយថា “លោកប្រធានាធិបតី បានធ្វើឲ្យប្រាកដថា លោកជឿថា តាមរយៈការអនុវត្តកិច្ចការការទូត សហរដ្ឋអាមេរិក ព្យាយាមពង្រីកនិងពង្រឹងការទប់ស្កាត់នុយក្លេអ៊ែលើអ៊ីរ៉ង់ និងដោះស្រាយបញ្ហាគួរឲ្យព្រួយបារម្ភផ្សេងទៀត។ អ៊ីរ៉ង់ត្រូវតែបន្តធ្គោរតាមការផ្អាកនុយក្លេអ៊ែ ក្រោមកិច្ចព្រមព្រៀងដែលឲ្យដំណើរការនោះ”។
គួរបញ្ជាក់ថា លោក ចូ បៃដិន ធ្លាប់បាននិយាយថា ប្រសិនបើទីក្រុងតេអេរ៉ង់បន្តគោរពតាមយ៉ាងហ្មត់ចត់ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ ដែលប្រទេសអ៊ីរ៉ង់ត្រូវផ្អាកកម្មវិធីនុយក្លេអ៊ែ ដើម្បីជាថ្នូរនៃការបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ចនោះ ទីក្រុងវ៉ាស៊ីនតោន នឹងវិលត្រឡប់គោរពតាមកិច្ចព្រមព្រៀងនោះវិញផងដែរ៕ប្រែសម្រួល៖ប៉ាង កុង