បរទេស៖ វិមានក្រឹមឡាំង នៅថ្ងៃសុក្រនេះ បាននិយាយថា ខ្លួនស្វាគមន៍ចំពោះបំណងរបស់ លោកប្រធនាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន ចង់បន្តសន្ធិសញ្ញាគ្រប់គ្រងអាវុធ New START ជាមួយប្រទេសរុស្ស៊ី ប៉ុន្តែបាននិយាយថា ទីក្រុងមូស្គូ ចង់ឃើញសំណើជាក់លាក់ ពីទីក្រុងវ៉ាស៊ីនតោន។
សេតវិមានបាននិយាយ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា លោក បៃដិន នឹងស្វះស្វែងបន្តរយៈពេល៥ឆ្នាំទៀត នូវសន្ធិសញ្ញាគ្រប់គ្រងអាវុធ ដែលនឹងផុតកំណត់នៅដើមខែកុម្ភៈ ហើយនោះគឺជាការសម្រេចចិត្តមួយ ក្នុងចំណោមការសម្រេចចិត្ត លើគោលនយោបាយបរទេស ដ៏ចម្បងដំបូងរបស់រដ្ឋបាលថ្មី។
មន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានមានប្រសាសន៍ថា វាមានសារៈសំខាន់ណាស់ ដែលឃើញសេចក្តីលម្អិតនៃ សំណើរបស់សហរដ្ឋអាមេរិក។ រដ្ឋបាលលោក ត្រាំ បានស្វះស្វែងភ្ជាប់លក្ខខណ្ឌនានា ទៅនឹងការបន្តណាមួយ ហើយប្រការនោះត្រូវទីក្រុងមូស្គូបដិសេធ ៕
ប្រែសម្រួល៖ ប៉ាង កុង