បរទេស៖ ក្រសួងការពារជាតិកោះតៃវ៉ាន់ បាននិយាយថា យន្តហោះទម្លាក់គ្រាប់បែកចិនចំនួន៨គ្រឿង និងយន្តហោះចម្បាំង៤គ្រឿង បានហោះហើរចូលក្នុងជ្រុងភាគនិរតី នៃតំបន់កំណត់ការពារដែនអាកាសរបស់តៃវ៉ាន់ នៅថ្ងៃសៅរ៍នេះ ហើយកងកម្លាំងទ័ពអាកាសតៃវ៉ាន់ បានដាក់ពង្រាយមីស៊ីល ដើម្បីឃ្លាំមើលការលុកលុយនោះ។
ផែនទីមួយ ដែលផ្តល់ដោយក្រសួងការពារជាតិតៃវ៉ាន់ បានបង្ហាញថា យន្តហោះចិន ដែលមានរួមទាំងយន្តហោះប្រឆាំងនាវាមុជទឹក Y-8 ផងនោះ បានហោះពីលើដែនទឹកតែមួយ ដែលបេសកកម្មចិនថ្មីៗបំផុតនេះ បានកើតមាន នៅជិតប្រជុំកោះ ប៉ុន្តែនៅតែស្ថិតនៅឆ្ងាយពីដីគោកតៃវ៉ាន់។
គួរបញ្ជាក់ថា ប្រទេសចិន ដែលអះអាងថា តៃវ៉ាន់ជាទឹកដីរបស់ខ្លួននោះ បានធ្វើការហោះហើរស្ទើរតែរៀងរាល់ថ្ងៃ នៅពីលើដែនទឹក ស្ថិតនៅចន្លោះផ្នែកភាគខាងត្បូងតៃវ៉ាន់ និងប្រជុំកោះ Pratas គ្រប់គ្រងដោយតៃវ៉ាន់ នៅដែនសមុទ្រចិនខាងត្បូង ក្នុងពេលប៉ុន្មានខែថ្មីៗនេះ៕ ប្រែសម្រួល៖ប៉ាង កុង