ព័ត៌មានអន្តរជាតិ

អាមេរិក ចេញមុខជួយការពារជប៉ុន នៅដែនប្រជុំកោះសេនកាគូ ពីការទាមទារ របស់ចិន 

តូក្យូ៖ រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Nobuo Kishi និងសមភាគីអាមេរិកដែលទើបតែងតាំងថ្មីលោក Lloyd Austin បានព្រមព្រៀងកាលពីថ្ងៃអាទិត្យថា ប្រជុំកោះសេនកាគូ ស្ថិតនៅក្រោមសន្ធិសញ្ញាសន្តិសុខរបស់សម្ព័ន្ធមិត្តទាំង ២ ដោយផ្តល់ការធានាដល់ជប៉ុនថា ជំហររបស់អាមេរិកលើប្រជុំកោះ ដែលទាមទារដោយចិន និងជប៉ុន នៅតែស្ថិតក្រោមរដ្ឋបាលថ្មីរបស់ប្រធានាធិបតីលោក ចូ បៃដិន។

ថ្លែងតាមទូរស័ព្ទលោក Nobuo Kishi និងលោក Lloyd Austin ដែលបានស្បថចូលកាន់តំណែងជារដ្ឋមន្រ្តីក្រសួងការពារជាតិកាលពីថ្ងៃសុក្រ បានសន្យាពង្រឹងថែមទៀតនូវសម្ព័ន្ធមិត្តជប៉ុន – សហរដ្ឋអាមេរិក និងការពារសន្តិភាព និងសន្តិសុខនៅក្នុងតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក។

នៅក្នុងនោះដែរបានកត់សម្គាល់នូវកិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រីលើកដំបូងរវាងទីក្រុងតូក្យូ និងវ៉ាស៊ីនតោន ចាប់តាំងពីលោកប្រធានាធិបតី ចូ បៃដិន បានចូលកាន់តំណែងកាលពីថ្ងៃពុធសប្ដាហ៍មុន។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីកិច្ចពិភាក្សាលោក Nobuo Kishi បានលើកឡើងថារដ្ឋមន្រ្តីទាំងពីរបានបញ្ជាក់ថា មាត្រា ៥ នៃសន្ធិសញ្ញាសន្តិសុខត្រូវអនុវត្ត ចំពោះប្រជុំកោះសេនកាគូ មានន័យថា ទីក្រុងវ៉ាស៊ីនតោន នឹងការពារទីក្រុងតូក្យូ ក្នុងករណីមានការវាយប្រហារប្រដាប់អាវុធប្រឆាំងនឹងក្រុមកោះតូចៗនៅសមុទ្រចិនខាងកើត ដែលមានឈ្មោះថា កោះដាយយូ  នៅក្នុង​ប្រទេស​ចិន។

លោកបានលើកឡើងថា“ យើងបានយល់ព្រមប្រឆាំងរាល់ការប៉ុនប៉ងជាឯកតោភាគី ដើម្បីផ្លាស់ប្តូរស្ថានភាពនៅសមុទ្រចិនខាងកើត  និងសមុទ្រចិនខាងត្បូង” ។

ប្រមុខការពារជាតិជប៉ុន កំពុងនិយាយអំពីការលុកលុយម្តងហើយម្តងទៀតរបស់ចិន ចូលទៅក្នុងដែនទឹកនៅជុំវិញប្រជុំកោះសេនកាគូ ក្នុងគោលបំណង ដើម្បីធ្វើឱ្យអន្តរាយដល់ការគ្រប់គ្រងរបស់ជប៉ុន លើប្រជុំកោះទាំងនោះ ក៏ដូចជាការធ្វើមូលដ្ឋានីយកម្មយោធារបស់ទីក្រុងប៉េកាំង នៅតំបន់ដែលមានជម្លោះនៅសមុទ្រចិនខាងត្បូង ដែលផ្នែកខ្លះត្រូវបានអះអាងដោយប៊្រុយណេម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និងវៀតណាម៕ដោយ ឈូក បូរ៉ា

To Top