បរទេស៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga នៅថ្ងៃចន្ទនេះ បានប្រឈមមុខនឹងសម្ពាធកើនឡើងជាថ្មី ជុំវិញការគ្រប់គ្រងរបស់លោក ចំពោះការរាតត្បាតនៃមេរោគកូរ៉ូណា ដោយការបោះឆ្នោតស្ទង់មតិថ្មីមួយបង្ហាញថា មនុស្សជាច្រើនជឿថា រដ្ឋាភិបាលយឺតយ៉ាវហួស ក្នុងការឆ្លើយតបចំពោះរលកដ៏ថ្មីបំផុតនៃមេរោគឆ្លង។
ក្រៅពីនេះ សមាជិករដ្ឋសភាមកពីបក្សប្រឆាំង ក៏បានខឹងសម្បារជាខ្លាំង ចំពោះបែបដឹកនាំគ្មានការពិភាក្សាគ្នារបស់លោក Yoshihide Suga និងទាមទារឲ្យលោកផ្តល់នូវចម្លើយយ៉ាងលម្អិត ចំពោះសំនួរស្តីពីវិបត្តិជម្ងឺកូវីដ១៩ និងរឿងកីឡាអូឡាំពិកនៅតូក្យូ ដែលគ្រោងចាប់ផ្តើមក្នុងពេលតិចជាង៦ខែទៀត។
គួរបញ្ជាក់ថា យោងតាមការសម្លេងឆ្នោតស្ទង់មតិ ដែលចេញដោយកាសែត Asahi នៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ការគាំទ្រចំពោះគណៈរដ្ឋមន្ត្រីរបស់លោក Yoshihide Suga បានធ្លាក់ចុះដល់៣៣ភាគរយ ពីចំនួន៣៩ភាគរយកាលពីខែមុន ដោយការមិនយល់ស្របកើនឡើង៕
ប្រែសម្រួល៖ ប៉ាង កុង