បរទេស៖ ប្រទេសថៃបានកត់ត្រា ករណីឆ្លងវីរុសកូវីដ១៩ចំនួន ៩៥៩ នាក់ នៅថ្ងៃអង្គារនេះ រួមទាំងការឆ្លងចំនួន ៩១៤ នាក់ នៅខេត្តសាមុតសាខន ដែលបានប្រកាសកាលពីល្ងាចថ្ងៃច័ន្ទ ដែលនាំឱ្យចំនួនអ្នកឆ្លងវីរុសនេះ សរុបកើនឡើងដល់ ១៤ ៦៤៦នាក់ ចាប់តាំងពីការរាតត្បាតុំល និងមិនមានសេចក្តីរាយការណ៍ ពីការស្លាប់បន្ថែមទៀតទេ ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ៧៥ នាក់។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព Covid-19 បាននិយាយថា ចំនួនកើនឡើងខ្ពស់នៃករណីឆ្លងថ្មីនេះ បណ្តាលមកពីការស្វែងរកករណី សកម្មកាន់តែខ្លាំងឡើងនៅក្នុងសហគមន៍ ដែលបានរកឃើញការឆ្លងចំនួន ៨៤៨ ក្នុងរយៈពេល ២៤ ម៉ោង។
សូមជម្រាបថា ក្នុងចំណោមករណីឆ្លងសរុបនៅថៃចំនួន ១៤ ៦៤៦ នាក់ គឺមាន ១០ ៨៩២ នាក់ (៧៤.៣៧%) ត្រូវបានព្យាបាលឱ្យជាសះស្បើយ និង អ្នកជំងឺចំនួន ៣ ៦៧៩ នាក់ កំពុងទទួលការព្យាបាល ចំណែក ចំនួនអ្នកស្លាប់នៅតែមិនផ្លាស់ប្តូរ គឺ ៧៥នាក់ដដែល ៕
ប្រែសម្រួលៈ ណៃ តុលា